ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុង Rafah រងការវាយប្រហារតាម អាកាសពីសំណាក់កងទ័ពអុីស្រាអែល

ចែករំលែក៖

សារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថា ប្រភពសន្តិសុខប៉ាឡេស្ទីន និងសាក្សីដែលឃើញផ្ទាល់ភ្នែកបានរាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាស ទៅលើតំបន់ភាគខាងកើតនៃទីក្រុង Rafah។
យោងតាមរបាយការណ៍ពីប្រភពខាងលើ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបណ្តាលឱ្យមានភ្លើងឆេះនៅជិតអាកាសយានដ្ឋានហ្គាហ្សា និងនៅជាយក្រុងនៃសង្កាត់ Al-Salam ដែលស្ថិតនៅភាគខាងកើតនៃទីក្រុង Rafah ។
ការវាយឆ្មក់នេះបានបណ្តាលឱ្យមានការផ្ទុះដ៏ធំ និងបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារនៅក្បែរនោះ ប៉ុន្តែនៅមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរបួសមកទល់ពេលនេះទេ។
គួរជម្រាបថា មុនពេលការវាយប្រហារនេះចាប់ផ្តើម កងទ័ពអ៊ីស្រាអែលបានបញ្ជាឱ្យជនស៊ីវិលប៉ាឡេស្ទីន ជម្លៀសខ្លួនជាបណ្តោះអាសន្ន ពីភាគខាងកើតនៃទីក្រុង Rafah។ អ៊ីស្រាអែលចាត់ទុកក្រុង Rafah ជាបន្ទាយសំខាន់ចុងក្រោយរបស់ក្រុមហាម៉ាស់។ Rafah មានទីតាំងនៅភាគខាងត្បូងបង្អស់នៃតំបន់ហ្គាហ្សាស្ទ្រីប ជាប់ព្រំដែននឹងប្រទេសអេហ្ស៊ីប និងជាជម្រករបស់ប្រជាជនប៉ាឡេស្ទីនប្រហែល ១.៤លាននាក់។
អ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំ លើក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមនេះ លើអ៊ីស្រាអែលភាគខាងត្បូងដែលបានសម្លាប់មនុស្សប្រហែល ១២០០នាក់៕ ដោយ៖ ធីរីណា

រូបថត៖ EPA


ចែករំលែក៖