ខេត្តព្រះវិហារ ៖ ស្ថានីយលក់ប្រេងសាំង,ហ្គាស និងមា៉ត់មួយកន្លែងត្រូវអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុង។ហេតុការណ៍ឆាបឆេះស្ថានីយលក់ប្រេងសាំង,ហ្គាសនេះបានកើតឡើងនៅវេលាម៉ោង១៥ៈ៣០នាទីថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២៤នៅចំណុចបេងដូបក្នុងភូមិបេងដូប ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក ហោ សេង អធិការនគរបាលស្រុកគូលែនបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះវិហារ លោកបានចុះប្រតិបត្តិការដោយផ្ទាល់ ហើយហេតុការណ៍នេះកើតឡើងដោយសារតែឆ្លងចរន្តអគ្គីសនីខ្សែភ្លើងបណ្តាលឱ្យឆេះស្ថានីយលក់ប្រេងសាំង និងតូបចាប់ហួយយីហោឡុង ស៊ីម បណ្ដាលឱ្យឆាបឆេះទ្រព្យសម្បត្តិស្ទើរទាំងស្រុង តែសំណាងល្អមិនឆេះស៊ីទែនហ្គាសនោះទេ។
ខណៈកំពុងឆាបឆេះប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចស្រុកគូលែន មានឡានទឹកស្រុកគូលែន ឡានទឹកស្រុកស្វាយលើ ឡានទឹកស្រុកត្បែង ,ឡានទឹកស្រុកជាំក្សាន្ត ,ឡានទឹកខេត្តនិងឡានទឹកអាជ្ញាធរប្រាសាទកោះកេរបានចុះជួយអន្តរាគមន៍ គ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោង ១៧និង៣០នាទី៕
ដោយ ៖ ជីវ័ន្ត