ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាចុះអនុស្សរណៈអនុវត្តគម្រោងកម្មវិធីការងារសមរម្យដំណាក់កាលទី៦ដើម្បីវិបុលភាពសង្គមកាន់តែប្រសើរដែលស្របនឹងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលតំណាងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) តំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក នៅរសៀលថ្ងៃ សុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងកម្មវិធីការងារសមរម្យនៅកម្ពុជា ដំណាក់កាលទី៦ ឆ្នាំ២០២៤-២០២៨។ កម្មវិធីដែលប្រារព្ឋនៅទីស្តីការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកស្រី Chihoko Asada- Miyakawa ឧបការរីអគ្គនាយកអង្គការអន្តរជាតិខាងការងារ និងជានាយិកាប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការ ILO រួមទាំងតំណាងកម្មករនិយោជិត និងតំណាងសមាគមនិយោជកផងដែរ។ 

លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូស បញ្ជាក់ថា ការអនុវត្តកម្មវិធីការងារសមរម្យជាច្រើនដំណាក់កាល កន្លងមកនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា ជាពិសេសការលើកកម្ពស់លក្ខខណ្ឌការងារ ការពង្រីករបបសន្តិសុខសង្គម និងការលើកកម្ពស់ផលិតភាពការងារ តាមរយៈកិច្ចសន្ទនាសង្គម និងយន្តការត្រីភាគី។ 

លោកស្រីបន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយដៃគូសង្គម និងដៃគូអភិវឌ្ឍនានា ជាពិសេសអង្គការអន្តរជាតិខាងការងារក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ កម្ពុជាអាចបន្តរក្សាបាននូវស្ថិរភាពទីផ្សារការងារ, ការលើក កម្ពស់ជំនាញនិងផលិតភាពការងារ, លក្ខខណ្ឌការងារល្អប្រសើរ, កំណើនប្រាក់ឈ្នួលអប្បបរមា, ការពង្រីករបបសន្តិសុខសង្គម, ការពង្រឹងយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ, ការលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ និងការធានាបាននូវភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលសុទ្ធសឹងជាកត្តាគន្លឹះក្នុងការចូលរួមសម្រេចឱ្យបាននូវការងារសមរម្យស្របតាមតម្រូវការរបស់ប្រជាជនកម្ពុជា។ លើសពីនេះ រាជរដ្ឋា ភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជន(ដែលជានិយោជក) និងកម្មករនិយោជិត(ដែលជាប្រភពកម្លាំងពលកម្ម) គឺជាដៃគូសង្គម ដែលមិនអាចខ្វះបាន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ 

ទន្ទឹមនឹងនេះលោក សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា គម្រោងកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា បានដើរតួរនាទីជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងផែនការសកម្មភាពដើម្បីជួយឱ្យកម្ពុជាសម្រេចបាននូវកំណើនការងារ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន។ លើសពីនេះ គម្រោងកម្មវិធីនេះក៏បានឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងដៃគូសង្គមក្នុងការដោះស្រាយបញ្ហាប្រឈមលើផ្នែកទីផ្សារការងារ ទំនាក់ទំនងវិជ្ជាជីវៈ នៅក្នុងប្រទេសកម្ពុជា និងជំរុញឲ្យប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវការងារសមរម្យកាន់តែច្រើន។

ដោយឡែកតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត លោក សំ សឿន ប្រធានសហភាពពលកម្មកជាតិកម្ពុជា (NLC)វិញ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងជឿជាក់ថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ នឹងទទួលបានលទ្ធផលល្អប្រសើរ ហើយភាគីសហជីព នឹងបន្តចូលរួមសហការកាន់តែជិតស្និតជាមួយក្រសួងការងារ អង្គការ ILO និងគ្រប់ភាគីពាក់ព័ន្ឋបន្តទៀត ដើម្បីផ្ដល់ឱ្យវិស័យការងារនៅកម្ពុជាកាន់តែមានភាពរីកចម្រើន ជាពិសេសផ្តល់នូវវឌ្ឍនភាពលើការងារសមរម្យសម្រាប់កម្មករនិយោជិតលើគ្រប់វិស័យនិងប្រជាពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជា គឺជាប្រទេសឈានមុខគេមួយ ក្នុងនាមជាសមាជិករបស់អង្គការអន្តរជាតិខាងការងារ ដែលបានអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ចំនួន៥ដំណាក់កាលរួច មកហើយតាំងពីឆ្នាំ២០០៥មក។ កម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលថ្មីនេះត្រូវបានរៀប ចំស្រប និងដើម្បីគាំទ្រដល់ការអនុវត្តការងារសមរម្យនៃចក្ខុវិស័យឆ្នាំ២០៣០ និងក្របខណ្ឌឆ្នាំ២០៥០ ដោយផ្តោតទៅលើការធ្វើឱ្យប្រសើរឡើងនូវយុត្តិធម៌សង្គម និងការលើកកម្ពស់ការងារសមរម្យសម្រាប់ទាំងអស់គ្នា,ស្តង់ ដារការងារអន្តរជាតិ, ការងារសមរម្យនិងប្រកបដោយផលិតភាព, កិច្ចគាំពារសង្គម និងកិច្ចសន្ទនាសង្គម, យន្តការត្រីភាគី និងជំនាញលើការងារសមរម្យ, ការគិត គូរអំពីយេនឌ័រ, ពលកម្មកុមារ និងជនមានពិការភាព៕

ដោយ៖ សូរិយា


ចែករំលែក៖