ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានដកស្រង់សំដីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកបញ្ជាក់ថា ៖ ក្នុងពេលអនាគត សហគមន៍កសិកម្មទំនើបស្រូវនាងអំនឹងក្លាយទៅជាសហគមន៍កសិកម្មចម្រុះមួយ ដែលមានចរិតបរិយាបន្នទូលំទូលាយ និងមានសមាហរណកម្មខ្ពស់ជាមួយនឹងប្រព័ន្ធអេកូឡូហ្ស៊ីនៅព័ទ្ធជុំវិញដែលមានស្រាប់ ធានាបាននូវការអភិវឌ្ឍសហគមន៍មួយប្រកបដោយចេរភាព មានទាំងនិរន្តភាពសេដ្ឋកិច្ចនិងបរិស្ថាន
ព្រមទាំងអាចជួយលើកស្ទួយជីវភាពរបស់បងប្អូនកសិករសមាជិកនៅក្នុងតំបន់នេះប្រកបដោយសមធម៌ផងដែរ។
លោកថា ៖ ប្រសាសន៍លោករដ្ឋមន្ត្រី ឌិត ទីណា ថ្លែងនៅក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំផែនការផលិតកម្មបង្កបង្កើនផលស្រូវវស្សារបស់សហគមន៍ស្រូវនាងអំ ដែលជាសហគមន៍កសិកម្មទំនើបទី១ ដែលទើបបានបង្កើតឡើងក្នុងពេលថ្មីៗនេះ នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។
សូមបញ្ជាក់ថា ៖ កម្ពុជាក៏បាន រៀបចំ«កម្មវិធីប្រលងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤» ជុំទី១ ចាប់ផ្តើមនៅខេត្តសៀមរាប ក្រោមអធិបតីភាពលោករដ្ឋមន្ត្រីផងដែរ។
កម្ពុជាគឺជាប្រទេសផលិតស្វាយចន្ទីធំជាងគេមួយនៅលើពិភពលោករួចហើយ នៅឡើយតែការកែច្នៃប៉ុណ្ណោះ។ បច្ចុប្បន្ន យើងនាំចេញគ្រាប់ស្វាយចន្ទីទាំងជាប់សំបក ក្នុងរង្វង់ពី ៧០មុឺនតោន ទៅ៨០មុឺនតោន ក្នុងមួយឆ្នាំ ក្នុងថ្លៃចន្លោះពី១ដុល្លារ ទៅ១,៥ដុល្លារ ក្នុង១គីឡូ ធ្វើឱ្យវិស័យនេះមានទំហំប្រហែល ១ពាន់លានដុល្លារ។ ប៉ុន្តែប្រសិនបើយើងកែច្នៃរួចបានធ្វើការនាំចេញវិញ វិស័យនេះនឹងអាចមានសក្តានុពលនាំមកនូវតម្លៃបន្ថែមកើនឡើងរហូត ៣-៤ដង លើសពីនេះ ដែលនឹងចូលរួមដោយផ្ទាល់ដល់កំណើនសេដ្ឋកិច្ចជាតិពីវិស័យកសិកម្ម៕
ដោយ ៖ សិលា