ភ្នំពេញ៖ ក្រុមកម្មករសំណង់បានប្រទះឃើញសពបុរសវ័យចំណាស់ជាជនជាតិចិនម្នាក់ដេកស្លាប់ក្បែរអគារខុនដូកំពុងសាងសង់មិនទាន់រួចរាល់មួយកន្លែងនៅជាប់ស្ពានកោះនរាហ៍ដោយមិនដឹងមូលហេតុ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹក ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៤ នៅចំណុចអគារខុនដូក្បែរស្ពានកោះនរាហ៍ ក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមកម្មករបានប្រទះឃើញសាកសពបុរសជនជាតិចិនវ័យប្រហែល៥២ឆ្នាំម្នាក់ ដេកស្លាប់ជាប់អគារខុនដូដែលសាងសង់ជិតរួចរាល់ហើយនោះ បង្កអោយមានការភ្ញាក់ផ្អើលឡើងនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗដើម្បីចុះមកពិនិត្យសពនិងកន្លែងកើតហេតុ។
ក្រោយមកកម្លាំងមានសម្ថកិច្ចខណ្ឌចំការមន សហការជាមួយនឹង កម្លាំងនគរបាលជំនាញកោសល្យវិច័យនៃស្នងការដ្ឋានរាជធានីភ្នំពេញចុះមកដល់អគារខុនដូកើតហេតុ និងដឹកសាកសពយកទៅកាន់វត្តទឹកថ្លាដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសព។
បច្ចុប្បន្នសពបានដឹកទៅតម្កល់នៅវត្តទឹកថ្លា ហើយសមត្ថកិច្ចនគរបាលខណ្ឌចំការមនកំពុងសហការជាមួយជំនាញកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការពិនិត្យសពនិងទីតាំងកើតហេតុដើម្បីបញ្ជាក់ថា តើករណីស្លាប់បុរសជនជាតិចិនបណ្តាលមកពីមូលហេតុអ្វីអោយពិតប្រាកដ៕
ដោយ៖ ជ្រោយពេជ្រ