ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋានក្រុងពោធិ៍សាត់ ត្រូវសមត្ថកិច្ចជំនាញផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្ថិ៍នគរបាលរដ្ឋបាលព្រៃញី ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនដល់ផ្ទះជនសង្ស័យ ព្រមទាំងរឹបអូសវត្ថុតាងជាគ្រឿងញៀនមួយចំនួនផងដែរ។
ក្នុងប្រតិបត្តិការនោះ បានធ្វេីឡេីងនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ ខណៈកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលនីតិវិធី ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ និងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យ ផ្លូវបេតុងប្រឡាយព្រៃញី ស្ថិតនៅភូមិដូងជ្រុំ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ជាក់ស្ដែងជាលទ្ធផលកម្លាំងជំនាញ បានឃាត់ជនសង្ស័យឈ្មោះ ប.ច.ស.ភ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិ/សង្កាត់ខាងលើ (ជាមុខសញ្ញាជួញដូរគ្រឿងញៀន)។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ១៦កញ្ចប់ (ទម្ងន់ ២.៥៥ក្រាម គិតសាច់ថ្នាំ)
-ទូរស័ព្ទដៃចំនួន ២គ្រឿង
-កង់អាគុយចំនួន ១គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងទៅសាកសួរ ដេីម្បីបន្តនីតិវិធីច្បាប់៕
ដោយ៖ អរុណរះ