ព័ត៌មានទាន់ហេតុការណ៍៖

គណនីហ្វេសប៊ុក ឈ្មោះ LSN លួស សេង ញូស៍ ដែលបានផ្សព្វផ្សាយថា «ពលរដ្ឋរស់នៅឃុំអង្គរបុរី ខេត្តតាកែវ ទិញទឹកធ្វើស្រែមួយហិចតា៣០ម៉ឺនរៀល» ដែលការផ្សព្វផ្សាយនេះគឺបានមួលបង្កាច់ផ្ទុយពីការពិត

ចែករំលែក៖

ខេត្តតាកែវ ៖ រដ្ឋបាលស្រុកអង្គរបូរី ចេញសេចក្ដីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការចុះផ្សាយរបស់គណនីហ្វេសប៊ុក ឈ្មោះ LSN លួស សេង ញូស៍ ដែលបានផ្សព្វផ្សាយថា «ពលរដ្ឋរស់នៅឃុំអង្គរបុរី ខេត្តតាកែវ ទិញទឹកធ្វើស្រែមួយហិចតា៣០ម៉ឺនរៀល»  ដែលការផ្សព្វផ្សាយនេះគឺបានមួលបង្កាច់ផ្ទុយពីការពិត ។ ដោយឡែកក្រសួងព័ត៌មាន ក៏បានបង្ហោះព័ត៌មានពិនពិតនេះ ឱ្យសាធារណជនបានជ្រាបផងដែរ ។ 

រដ្ឋបាលស្រុកអង្គរបូរី មានកិត្តិយស សូមប្រគេន ទូលថ្វាយ និងជម្រាបជូន ព្រះថេរានុថេរៈ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងបងប្អូនប្រជាពលរដ្ឋ សាធារណៈជន ព្រមទាំងស្ថាប័នពាក់ព័ន្ធ មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៤កន្លងទៅនេះ មានការបង្ហោះផ្សាយដោយបណ្តាញសង្គមហ្វេប៊ុក ឈ្មោះ LSN លួស សេង ញូស៍ ដោយដាក់ចំណងជើងថា ពលរដ្ឋរស់នៅឃុំអង្គរបុរី ខេត្តតាកែវ ទិញទឹកធ្វើស្រែមួយហិចតា៣០ម៉ឺនរៀល ព្រមទាំងបានរៀបចំជាឈុតឆាកសំដែងបាចទឹកដាក់ដីស្រែដែលគ្មានស្រូវនិងសម្ភាសន៍ ប្រជាកសិករចោទប្រកាន់ទៅលើស្ថានីយ៍បូមទឹក៧មករានៅឃុំបាស្រែថា មិនព្រមបូមទឹកជូនកសិករធ្វើស្រែនៅភូមិទួលសាំង(ក) ឃុំអង្គរបូរី ។

រដ្ឋបាលស្រុកអង្គរបូរីចាត់ទុកថាការបរិយាយនៅក្នុងវីឌីអូឃ្លីបនោះគឺផ្ទុយពីការពិត។ចំណែកឯឈុតឆាក សកម្មភាពបាចទឹកដាក់ក្នុងស្រែដែលគ្មានស្រូវ គឺជាការបញ្ចើចបញ្ចើចំអកឡកឡើយធ្វើអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរក្នុងសង្គមពីព្រោះថា៖ ម្ចាស់ស្ថានីយ៍បូមទឹក៧មករាឃុំបាស្រែនេះ គេយកថ្លៃសេវាទឹកក្នុងពេលកសិករធ្វើស្រែមួយ លើកៗក្នុងតម្លៃពី២៤ម៉ឺនរៀលទៅ២៦ម៉ឺនរៀល/១ហិកតាប៉ុណ្ណោះ។ កន្លងមកគឺក្នុងខែមីនានិងខែមេសាមានកសិករ សុំអោយម្ចាស់ស្ថានីយ៍បូមទឹកអោយពួកគាត់ធ្វើស្រែ។ ប៉ុន្តែម្ចាស់ស្ថានីយ៍មិនព្រមបូមទឹកទេដោយសារក្រសួងធនធាន ទឹកនិងឧតុនិយម និងរដ្ឋបាលខេត្ត ស្រុក បានផ្សព្វផ្សាយមិនអោយធ្វើស្រូវប្រាំងលើកទី២ ចំណែកឯនៅស្ថានីយ៍ ក៏មិនទាន់មានទឹកបូមដែរ។

លុះចូលមកដល់ថ្ងៃទី០១ខែឧសភាដោយមានទឹកជាបណ្តើរៗ ម្ចាស់ស្ថានីយ៍ក៏ចាប់ផ្តើមបូមទឹករុញទៅ ភូមិរកា,ភូមិតាមូងនិងភូមិយាធ្វើជាមុនសិន ពីព្រោះទីនោះកំពុងមានស្រូវដែលកសិករបានព្រួសរួច។ចំណែកឯដីស្រែ នៅភូមិពួនកក និងភូមិទួលសាំង(ក) ដែលមិនទាន់បានព្រួសស្រូវក៏ពុំទាន់បានផ្តល់ទឹកជូន។ដោយសារមិនយល់ពី ដំណើរការនេះ ទើបបណ្តាញសង្គមហ្វេសប៊ុកមានឈ្មោះ LSN លួស សេង ញូស៍ ធ្វើការផ្សព្វផ្សាយមូលបង្កាច់ផ្ទុយ ពីការពិត។

ក្នុងឱកាសនេះ រដ្ឋបាលស្រុក សូមប្រគេន ទូលថ្វាយ និងជម្រាបជូនផងដែរ ស្ថានីយ៍បានចាប់ផ្តើមបូម បញ្ជូនទឹកទៅកាន់ភូមិពួនកក ភូមិទួលសាំង (ក) ចាប់តាំងពីថ្ងៃទី១៣ខែឧសភា មុនការបង្ហោះផ្សាយរបស់បណ្តាញ សង្គមហ្វេសប៊ុកមានឈ្មោះ LSN លួស សេង ញូស៍ទៅទៀត។

សេចក្តីដូចបានប្រគេន ទូលថ្វាយ និងជម្រាបជូនខាងលើ សូមព្រះថេរានុថេរៈ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងបងប្អូនប្រជាពលរដ្ឋ សាធារណៈជន ព្រមទាំងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប ជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖