ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចោទប្រកាន់ជនសង្ស័យក្នុងសំណុំរឿងគ្រឿងញៀន ប្រមាណ៣គីឡូក្រាម ។
ក្នុងនោះបញ្ជាក់ថា ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា៖កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យនីតិវិធី នៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន បានបង្ក្រាបករណីគ្រឿងញៀននៅចំណុចតាមបណ្តោយផ្លូវលេខ១០៨០ ភូមិស្រែអំពិល សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ព្រមទាំងរថយន្ត ០១គ្រឿង និងរកឃើញ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន ទម្ងន់ ២៩៨៨ ក្រាម (ពីរពាន់ប្រាំបួនរយប៉ែតសិបប្រាំបីក្រាម) ចំណែក បក្ខពួកផ្សេងទៀតបានរត់គេចខ្លួន ។ បន្ទាប់ពីបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូន ជនសង្ស័យ ព្រមទាំងវត្ថុតាងមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ក្រោយពីទទួល និងពិនិត្យសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ចំនួន ០២នាក់ និងបក្ខពួក ពីបទ៖ ជួញដូរ, ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ ៖ រ៉ា រ៉ា