ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ៖ ⚠️⚠️‼️ទង្វើបែបនេះមិនបានជួយដល់វិស័យកសិកម្មនោះទេ! ការយករូបភាពចាស់ៗពីកន្លែងដទៃមកប្រឌិតជាសាច់រឿងដើម្បីវាយប្រហារ ឬបំភ្លៃជាព័ត៌មាន គ្រាន់តែដើម្បីឱ្យគេLikes គេShares និងចាប់អារម្មណ៍ពីខ្លួនឯង ប្រៀបបាននឹងការយកកសិកររបស់យើងមកលេងសើចយ៉ាងដូច្នេះដែរ។
លោក ឃឹម ហ្វីណង់ បានបន្តថា ៖ បច្ចុប្បន្ននេះទីផ្សារផ្លែឪឡឹកក្នុងស្រុកមិនមានបញ្ហានោះទេ ហើយរូបភាពដែលយកមកផុសទាំងនោះគឺជារូបភាពពីប្រទេសវៀតណាមតាំងពីឆ្នាំ២០១៤ និងឆ្នាំ២០២០ ដែលត្រូវបានយកមកកាត់ត ដើម្បីផ្សព្វផ្សាយបំពុល ធ្វើឱ្យយើងទាំងអស់គ្នាជឿ ហើយនាំគ្នាចែករំលែកបន្តគ្នាទាំងមិនដឹងខ្លួន។ នេះមិនមែនជាលើកទី១នោះទេ ហើយក៏មិនខុសអ្វីពីករណីផ្សព្វផ្សាយផ្ទុយពីការពិតថា សណ្តែកកួរឡើងថ្លៃគឺជាសណ្តែកកួរនាំចូលមកពីក្រៅ ក្នុងពេលដែលយើងគួរតែសាទរដល់បងប្អូនកសិករក្នុងស្រុករបស់យើងដែលទទួលបានថ្លៃកសិផលសមរម្យទៅវិញទេ។
លោក ឃឹម ហ្វីណង់ ថ្លែងថា ៖ យើងត្រូវការព័ត៌មានពិតដើម្បីជួយដោះស្រាយទុក្ខលំបាករបស់កសិករ តែមិនមែនព័ត៌មានបែបបំពុល ដែលផុសដើម្បីតែប្រជាប្រិយភាពរបស់ផេកខ្លួនឯងនោះទេ។ សង្ឃឹមថា សាធារណៈជននឹងជួយ block, unfollow, report ផេកបែបនេះ និងជួយនាំគ្នាលាងសម្អាតបណ្តាញសង្គមរបស់យើង ដើម្បីបង្កើតជាលំហវិជ្ជមានសម្រាប់យើងទាំងអស់គ្នា និងបន្តជួយគាំទ្រកសិផលក្នុងស្រុកបន្ថែមទៀត។ #បដិសេធព័ត៌មានក្លែងក្លាយ | #ទាំងអស់គ្នាដើម្បីកសិកម្មកម្ពុជា ។
ដោយឡែក លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១កម្ពុជា កាលពីម្សិលមុិញ បានបង្ហោះសារ និងបង្ហាញរូបភាព លើកទឹកចិត្តឱ្យប្រជាពលរដ្ឋយើង ជួយទិញបន្លែរបស់ប្រជាកសិករខ្មែរយើង ដោយសំណេរថា ៖ «សូមបងប្អូនប្រជាពលរដ្ឋជួយគាំទ្រផលិតផលបន្លែ ផ្លែឈេីក្នុងស្រុក។ ការជួយទិញនិងគាំទ្របន្លែផ្លែឈេីក្នុងស្រុក គឺជួយដល់កសិករខ្មែរ និងជួយដល់សេដ្ឋកិច្ចជាតិយេីង🙏🇰🇭»៕
ដោយ ៖ សិលា