ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាមទិសដៅការងាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បានពង្រឹងអនុវត្តភារកិច្ចការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសសេវាលើការងារផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ(ក៤) សៀវភៅស្នាក់នៅ(ក២)។
ជាក់ស្ដែងនៅក្នុងនោះកាលពីថ្ងៃទី១៤ ខែឧសភាម្សិលមិញនេះ មន្រ្តីជំនាញ បានផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ ចំនួន៣១៧នាក់ (ផ្តល់ឡើងវិញ ចំនួន២៤២នាក់ និងផ្តល់ថ្មីចំនួន៧៥នាក់), សៀវភៅស្នាក់នៅថ្មី ១៧គ្រូសារ, ទុតិយតាសៀវភៅស្នាក់នៅ ៣៨គ្រួសារ, សៀវភៅគ្រួសារថ្មី ២៣គ្រួសារ, ទុតិយតាសៀវភៅគ្រួសារ ១២គ្រួសារ។
ជាមួយគ្នានេះ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ក៏បានបន្តចុះផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន ក្មេងទំនើង និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ។
ដោយឡែកកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ខណ្ឌ ក៏បានចេញល្បាត ដើម្បីការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕
ដោយ៖ តារា