ព័ត៌មានទាន់ហេតុការណ៍៖

ឃើញពស់លូនចូលរន្ធនាំបងប្អូនទៅរកចាប់ លូកដៃចូលទាញត្រូវពស់ចឹកបណ្តាលឱ្យស្លាប់ !

ចែករំលែក៖

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋម្នាក់ត្រូវបានពស់ចឹកបណ្ដាលឱ្យស្លាប់តាមផ្លូវ ពេលកំពុងដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ 

ហេតុការណ៍ដ៏អាក្រក់នេះបានកើតឡើងនៅម៉ោង១២និង៣០នាទី រសៀលថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤  ។ ជនរងគ្រោះ រស់នៅភូមិ គោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប បន្ទាប់ពីដើរចេញមានចម្ងាយពីផ្ទះប្រហែល៤០០ម៉ែត្រប៉ុណ្ណោះ ក្នុងគោលបំណងទៅចាប់ពស់នោះ។ 

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ សឿ  សឿន  អាយុ៤៤ឆ្នាំ រស់នៅភូមិគោកចាន់ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ៖ នៅក្នុងហេតុការណ៍នេះ មូលហេតុ ជនរងគ្រោះ ឈ្មោះ សឿ សឿន បានឃើញពស់លូនចូលរន្ធក៏បបួលប្អូនបង្កើតនិងក្មួយប្រុស ទៅចាប់ដែលមានចម្ងាយពីផ្ទះប្រហែល៤០០ម៉ែត្រ ហើយពេលទៅដល់ ឈ្មោះ សឿ សឿន បានលូកដៃចូលរន្ធ ដេីម្បីចាប់ទាញយកពស់ ដោយស្មានថា ពស់ថ្លាន់ ភ្លាមៗនោះពស់ក៏ចឹកដៃឆ្វេងចំម្រាមកណ្ដាល ក្រោយយកពស់ចេញពីរន្ធ ទេីបដឹងថាជាពស់វែកស្រកាចាស់ ។

សមត្ថកិច្ចបានបន្តទៀតថា ៖ បន្ទាប់ពីមានពស់ចឹកបែបនេះមកបងប្អូននិងក្មួយបានយកឈ្មោះ សឿ សឿន មកផ្ទះនិងបានដឹកបន្តទៅមណ្ឌលសុខភាពល្វាក្រាំង តែបានស្លាប់តាមផ្លូវបាត់ទៅហើយ។ 

បច្ចុប្បន្នសាកសពត្រូវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ សិលា


ចែករំលែក៖