ភ្នំពេញ៖ នៅកិច្ចប្រជុំឆ្ពោះទៅកាន់ដំណើរការប្រឡង ប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យលើកទី២ អង្គប្រជុំបង្ហាញថា បើតាមការគ្រោងទុក ការប្រឡង ប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យលើកទី២ នឹងមានបេក្ខជនចូលរួមសរុបចំនួន ១ ៣៧៩នាក់។ កិច្ចប្រជុំនេះដឹកនាំលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីការប្រកាសលទ្ធផលនៃការប្រឡងវិញ្ញាសាសរសេរលើកទី១ បានចប់រួចរាល់។
កិច្ចប្រជុំព្រឹកនេះបានពិភាក្សាទៅលើមាតិកាសំខាន់ៗមួយចំនួនដូចជា៖ ១)ការរៀបចំទីតាំងមណ្ឌលនិងបន្ទប់ប្រឡង ២)ការរៀបចំវិញ្ញាសាប្រឡង ៣)ការរៀបចំសមាសភាព និងបែងចែកតួនាទីការទទួលខុសត្រូវដល់ក្រុមការងារអនុគណៈកម្មការនីមួយៗ ៤)ការរៀបចំការផ្តត់ផ្គង់ ការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជូនបេក្ខជនក៏ដូចជាសាធារណជនជុំវិញការប្រឡងទាំងមូល និង ៥)ការពាក់ព័ន្ធផ្សេងៗទៀត។
សូមបញ្ជាក់ថា ការប្រឡងលើវិញ្ញាសាសរសេរលើកទី២ ដើម្បីជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២៤នៅមណ្ឌល ប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) អនុលោម គោលការណ៍ដូចមានចែងស្របតាមនិយាយនីតិវិធីប្រតិបត្តិសម្រាប់ការជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ក្នុងចំណោមបេក្ខជនដែលនឹងចូលរួមប្រឡង ប្រជែងចំនួន ១ ៣៧៩នាក់ គណៈកម្មការរៀបចំការ ប្រឡងប្រជែង នឹងជ្រើសរើសយកបេក្ខជនជ័យលាភីចុងក្រោយចំនួន ៤៤១នាក់ ដើម្បីឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ជាគ្រូប្រងៀនអនុវិទ្យាល័យ៕
ដោយ៖ សូរិយា