ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីយកឈ្នះការនាំចូលបន្លែ ពីក្រៅប្រទេស គឺមានតែការរួមដៃគ្នាដាំជាសហគមន៍កសិកម្មទំនើប

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីយកឈ្នះការនាំចូលបន្លែ ពីក្រៅប្រទេស គឺមានតែការរួមដៃគ្នាដាំជាសហគមន៍កសិកម្មទំនើប ដោយផលិតយ៉ាងណាអោយបន្លែយើងមានគ្រប់ខែ គ្រប់រដូវ ដូចសណ្តែកគួរចឹង ករណីធម្មជាតិប្រែប្រួលក្តៅខ្លាំង បើដាំលក្ខណៈគ្រួសារខ្វះបច្ចេកទេស ច្បាស់ណាស់ដាំមិនបានផលល្អទេ។ 

ដូច្នេះហើយបើយើងរួមគ្នា រកវិធីដាំបានផលបន្លែមានៈ គុណភាព, ផ្គត់ផ្គង់បានគ្រប់រដូវ, តម្លៃសមរម្យ ដែលនៅតែរក្សាបានផលចំនេញ ហើយធូរថ្លៃជាងបន្លែនាំចូល នោះច្បាស់ណាស់ គ្មានឈ្មួញណាទៅនាំចូលទៀតទេ ព្រោះបន្លែក្នុងស្រុកមានគ្រប់គ្រាន់ ទៀងទាត់ គុណភាពមានច្រើនជម្រើសទៀតនោះ ច្បាស់ណាស់យើងប្រកួតប្រជែងជាមួយប្រទេសដទៃបាន។ 

ជំហានបន្ទាប់ គឺកំលាំងសាមគ្គីជាតិនិយម នាំគ្នាទិញតែផលិតផលក្នុងស្រុក ព្រោះមានផលិតផលគ្រប់គ្រាន់ហើយ តម្លៃក៏ល្អ គុណភាពក៏ល្អ ព្រោះបើគ្មាន បីចំនុចធំៗ នេះទេ អ្នកគាំទ្រចង់ទិញញ៉ាំក៏ពិបាកដែរ ព្រោះបើយើងមិនមានគ្រប់គ្រាន់ ម្តងមានម្តងអត់ ច្បាស់ណាស់ បន្លែនោះនឹងឡើងថ្លៃ ជាឪកាសដែលឈ្មួញនឹងជ្រេរក ប្រភពពីក្រៅប្រទេស ដែលមានតម្លៃសមរម្យមកលក់ទៀតហើយ។ 

ដូច្នេះហើយសូមពុកម៉ែបងប្អូន កសិកររួមគ្នាជាកំលាំងតែមួយ តាមរយៈ (សហគមន៍កសិកម្មទំនើប) របស់ក្រសួងកសិកម្ម ចំពោះកសិករដែលមិនទាន់មានលទ្ធភាព បច្ចេកទេស ឬដើមទុនច្រើននៅឡើយ ព្រោះការដាំជាសហគមន៍សម្រាប់តែកសិករទន់ខ្សោយប៉ុណ្ណោះ ចំពោះកសិករដែលខ្លាំងហើយ អាចដឹកនាំដាំខ្លួនឯងបាន។

ចំពោះក្រុមការងារ Eatame នឹងរង់ចាំជួយផ្សព្វផ្សាយចំពោះសហគមន៍កសិកម្មទំនើប គ្រប់ប្រភេទដែលផលិតបាន ដើម្បីជំរុញទីផ្សារជូនកសិករយើង។ 

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងតបថា ៖ «អរគុណដែលបានជឿជាក់ និងរង់ចាំគាំទ្រសហគមន៍កសិកម្មទំនើប! » ។ 

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧត្តមភរិយាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ៖ «សូមបងប្អូនប្រជាពលរដ្ឋជួយគាំទ្រផលិតផលបន្លែ ផ្លែឈេីក្នុងស្រុក។ ការជួយទិញនិងគាំទ្របន្លែផ្លែឈេីក្នុងស្រុក គឺជួយដល់កសិករខ្មែរ និងជួយដល់សេដ្ឋកិច្ចជាតិយេីង»៕

ដោយ ៖ សិលា


ចែករំលែក៖