ភ្នំពេញ៖ អបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៤! ក្នុងពិធីដែលប្រារព្ធឡើងយ៉ាងមហោឡារិក នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកនាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងរម្លឹកដល់គុណូបការៈបុព្វបុរស រៀមច្បង យុទ្ធជន យុទ្ធនារី នគរបាលជាតិ គ្រប់ជំនាន់ដែលបានតស៊ូឆ្លងកាត់ រាល់ការប្រែប្រួលដ៏ស្មុគ្រស្មាញ នៃនិន្នាការសង្គម បង្កើតបាននូវសមិទ្ធផលជាច្រើនឥតគណនា ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន។
នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ក៏បានរម្លឹកចំៗ ឥស្សរជនជាអតីតថ្នាក់ដឹកនាំសំខាន់ៗ រួមមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អតីតអគ្គស្នងការនគរបាលជាតិ ដែលបានដឹកនាំគ្រប់គ្រងកងកម្លាំងនគរបាលជាតិ ឱ្យមានការវិវឌ្ឍរីកចម្រើន ទាំងគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈ សម្រេចបាននូវបេសកកម្មដ៏ឧត្តុងឧត្តមក្នុងការបម្រើជាតិមាតុភូមិ និងប្រជាជន។
ក្នុងឱកាសនោះដែរ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់នគរបាលជាតិថា ទិវាខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្ត លើកទី៧៩ នៃការចាប់បដិសន្ធិអង្គប្រតិបត្តិច្បាប់នគរបាលជាតិកម្ពុជា ដែលប្រសូត្រចេញពីស្នាព្រះហស្ត របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ហើយការប្រារព្ធខួបអនុស្សាវរីយ៍ នាពេលនេះក៏ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាបាន និងកំពុងឈរជើងយ៉ាងរឹងមាំ ធ្វើដំណើរប្រកបដោយភាពស្វាហាប់ និងជាពិសេសបានត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ទន្ទឹមនឹងបានរម្លឹកដល់ស្នាដៃរបស់អតីតថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិគ្រប់ជំនាន់ លោកអភិសន្តិបណ្ឌិត ស សុខា ដែលជាអ្នកដឹកនាំបន្តវេន ក៏បានបង្ហាញការកត់សម្គាល់អំពីវឌ្ឍនភាពថ្មីក្នុងចំណោមមន្រ្តីរាជការ និងកងកម្លាំងនៃក្រសួងមហាផ្ទៃ ចាប់ពីដើមនីតិកាលទី៧មក គឺការប្រែប្រួលរបៀបរបប និងឥរិយាបថធ្វើការងារ ក្នុងការបំពេញតួនាទីបម្រើសេវាប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដោតលើលើមូលដ្ឋានដឹកនាំ សម្អាតផ្ទះយើង របស់សម្ដេចធិបតី ដែលនាំឱ្យមានការពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងលើកកម្ពស់សមត្ថភាពមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល និងការបង្កើតនូវបរិយាកាសកក់ក្ដៅ មានជំនឿទុកចិត្តពីប្រជាពលរដ្ឋ សហការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
យ៉ាងណាក៏ដោយ ក្នុងស្ថានភាពពិភពលោកកំពុងជួបបញ្ហាប្រឈាមជាច្រើន លោកអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលជាតិ មានភារកិច្ចទទួលខុសត្រូវដោះស្រាយវិញ្ញាសាដ៏ស្មុគស្មាញទាំងនោះ ដើម្បីធានាឱ្យខាងតែបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ ក្នុងចំណោមអនុសាសន៍សំខាន់ៗ លោកអភិសន្តិបណ្ឌិត ក៏បានណែនាំកងកម្លាំងនគរបាលជាតិគ្រប់រូប ត្រូវបន្តលើកកម្ពស់ឆន្ទៈ មនសិការស្នេហាជាតិ ស្នេហាវិជ្ជាជីវៈ និងខិតខំបញ្ចេញសកម្មភាព ឱ្យបានសស្រាក់សស្រាំ ដើម្បីចូលរួមរក្សាការពារសុខសន្តិភាព និងរបៀបរៀបរយសង្គមឱ្យកាន់តែវិវឌ្ឍល្អប្រសើរថែមទៀត ដើម្បីភាពសុខដុមរមនា និងវិបុលភាពរបស់ជាតិ និងប្រជាជន។
សូមបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ បានចូលរួមប្រកៀកស្មាយ៉ាងជិតស្និទ្ធ ជាមួយកងយោធពលខេមរភូមិន្ទ និងសមត្ថកិច្ចពាក់ព័ន្ធ ការពារបានយ៉ាងរឹងមាំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ធានាប្រក្រតីកម្មស្ថាប័នជាតិ ធានាសុវត្ថិភាពព្រះមហាក្សត្រ និងឥស្សរជន ថ្នាក់ដឹកនាំប្រទេស ព្រមទាំងការរៀបចំព្រឹត្តិការណ៍នយោបាយជាតិ អន្តរជាតិ ចាត់វិធានការទប់ស្កាត់ និងប្រឆាំង មិនឱ្យកើតមានអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន សកម្មភាពវិឆ្ឆេតកម្ម វិទ្ធង្សនា បង្កចលាចលផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឬការញុះញង់ណាមួយ ដែលបង្កឱ្យមានអស្ថិរភាពក្នុងសង្គម ព្រមទាំងធានាប្រក្រតីភាពនៃសេវាសាធារណៈមួយំនួនទៀត។ នេះបើតាមរបាយការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
ដោយ៖ តារា