ព័ត៌មានទាន់ហេតុការណ៍៖

លោក​ នេត្រ​ ភក្ត្រា​ ៖​ ជាមួយសន្តិភាព និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, កម្ពុជាមានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេស

ចែករំលែក៖

ខេត្ត​ក្រចេះ ​៖​ «អង្គបោះឆ្នោតដែលជាសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងជាតួអង្គយ៉ាងសំខាន់ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាក្រុងស្រុក, ជាសំឡេងដែលតំណាងឱ្យប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្លួនដើម្បីបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាស្រុកដើម្បីចូលរួមបំពេញតួនាទីដឹកនាំនិងអភិវឌ្ឍមូលដ្ឋានខេត្ត ស្រុកក្រុងរបស់ខ្លួនឱ្យរីកចម្រើនស្របតាមយុទ្ធសាស្ត្រនយោបាយរបស់រាជរដ្ឋាភិបាល»។ នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៤ អំឡុងពេលដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតក្នុងស្រុកឆ្លូង ខេត្តក្រចេះដោយមានការអញ្ជើញចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋាន និងសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកឆ្លូងសរុបជាង ៤០០នាក់។ 

លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់របស់គណបក្សប្រជាជនកម្ពុជា និងអង្គបោះឆ្នោតផ្សេងៗបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីរួមគ្នាអភិវឌ្ឍជាតិឱ្យកាន់តែមានការរីកចម្រើនរុងរឿងបន្ថែមទៀត។ លោកបានលើកឡើងថាគណបក្សប្រជាជនកម្ពុជាតែងតែគិតគូរពីផលប្រយោជន៍ជាតិនិងប្រជាជនជានិច្ច ហើយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជា

ជនកម្ពុជាបានដាក់ចុះនូវគោលនយោបាយ និងយុទ្ធសាស្ត្រនយោបាយដែលមានភាពប្រាកដនិយម ជាក់ស្តែងនិងឈរលើតម្រូវការរបស់ប្រជាពលរដ្ឋពិតប្រាកដ។ លោក​ បានថ្លែងអំណរគុណដល់អង្គបោះឆ្នោតទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតព្រឹទ្ធសភាកាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ 

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតដឹកនាំប្រទេស, បានដឹកនាំអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើនជាមួយកំណើនសេដ្ឋកិច្ចស្ទុះខ្លាំងប្រមាណជាង ៧% ក្នុងមួយឆ្នាំ រយៈពេលជាង ២០ ឆ្នាំក្រោយពីកម្ពុជាមានសុខសន្តិភាពពេញលេញនៅខែធ្នូ ឆ្នាំ១៩៩៨។ គណបក្សប្រជាជនកម្ពុជា​ ឈ្នះការបោះឆ្នោត បានអនុញ្ញាតឱ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងពង្រឹងឯករាជភាពជាតិ និងការពារបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ និងធ្វើឱ្យជីវភាពពលរដ្ឋមានការរីកចម្រើន ថែរក្សាបានសុខសន្តិភាពពេញលេញ។ ជាមួយសន្តិភាព និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា, កម្ពុជាមានលទ្ធភាពនិងសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍប្រទេស។ ក្នុងនាមសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសូមប្រកាសគាំទ្រពេញទំហឹងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោង ផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន និងបន្តអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ហើយគម្រោងនេះបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ និងផ្តល់នូវឯលរាជភាពផ្នែកនយោបាយដឹកជញ្ជូនរបស់កម្ពុជា។ 

លោក នេត្រ ភក្ត្រា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ​ បានស្នើឱ្យអង្គបោះឆ្នោតថែរក្សាសុខភាព និងត្រៀមឯកសារពាក់ព័ន្ធដើម្បីត្រៀមចូលរួមការបោះឆ្នោត និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅក្នុងថ្ងៃបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ៕

ដោយ​៖ តារា​


ចែករំលែក៖