ក្លិប Ajax Amsterdam បានយល់ព្រមលើតម្លៃមួយសម្រាប់ការផ្លាស់ប្តូរគ្រូបង្វឹក Nice លោក Francesco Farioli ដែលបុរសវ័យ៣៥ឆ្នាំរូបនេះរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសបារាំង និងហូឡង់កាលពីថ្ងៃពុធ។
លោក Farioli ជនជាតិអ៊ីតាលីនឹងមកជំនួសកន្លែងលោក John van ‘t Schip បន្ទាប់ពីរដូវកាលមិនល្អនៅក្នុងលីកកំពូលហូឡង់ Eredivisie ដែល Ajax បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៥ដែលជាការបញ្ចប់ទាបបំផុតរបស់ពួកគេចាប់តាំងពីរដូវកាល១៩៩៩-២០០០មក។
Ajax នឹងផ្តល់សំណងដល់ក្លិប Nice ចំនួន១.២៥លានអឺរ៉ូ (១.៣៥លានដុល្លារ) ជាសំណងយោងទៅតាម NOS.nl ខណៈដែលលោក Farioli ក្លាយជាគ្រូបង្វឹកបរទេសដំបូងនៅក្លឹបចាប់តាំងពី Dane Morten Olsen ក្នុងឆ្នាំ១៩៩៧។
លោក Farioli បានដឹកនាំពេញមួយរដូវកាលក្នុងនាមជាគ្រូបង្វឹកបានយក Nice មកឈរនៅលេខរៀងទី៥នៅ Ligue 1 រដូវកាលនេះ។ ពីមុនគាត់បានដឹកនាំក្លិបទួរគី Fatih Karagumruk និង Alanyaspor ហើយបានចូលរួមជាមួយ Nice នៅដើមយុទ្ធនាការ២០២៣-២០២៤។
លោក Farioli ក៏ធ្លាប់ជាគ្រូបង្វឹកអ្នកចាំទី ក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Brighton & Hove Albion លោក Roberto De Zerbi នៅ Benevento និង Sassuolo ហើយមិនបានលេងបាល់ទាត់អាជីពដោយខ្លួនឯងទេ ៕
ដោយ៖ ភារៈ (រូបភាព ៖ Reuters/CNA)