ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ សន្តិភាព នៅតែជាសុបិន្តដែលមិនអាចក្លាយជាការពិតសម្រាប់តំបន់ជាច្រើននៃពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីបិទសន្និសីទស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ដែលប្រារព្ធនៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃពុធទី២២ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ៖ សន្តិភាព នៅតែជាសុបិន្តដែលមិនអាចក្លាយជាការពិតសម្រាប់តំបន់ជាច្រើននៃពិភពលោក។ ហេតុដូចនេះហើយបានជាកម្ពុជា ត្រូវតែរៀនសូត្រពីប្រវត្តិសាស្រ្តដែលតែងតែផ្តល់នូវមេរៀនសំខាន់ៗពីអតីតកាលដែលអាចឱ្យយើងត្រៀមខ្លួនបានប្រសើរជាងមុនសម្រាប់អនាគត និងចៀសវាងការប្រព្រឹត្តកំហុសជាន់ដាន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា ក៏មានភារកិច្ចក្នុងការចែករំលែកមេរៀនប្រវត្តិសាស្រ្តរបស់ខ្លួនស្តីពីការការពារសន្តិភាព និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ដែលមេរៀនទាំងនេះ មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែគឺសម្រាប់សហគមន៍អន្តរជាតិទាំងមូលផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដើម្បីការពារសន្តិភាពទៅបាន ប្រជាជាតិកម្ពុជាយើង ចាំបាច់ត្រូវមានការឯកភាពគ្នាជាធ្លុងមួយ អំពីតឋភាពប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ដោយរបបកម្ពុជាប្រជាធិបតេយ្យ ពិតជាបានកើតឡើងនៅក្នុងប្រទេសរបស់យើង ដែលមិនមែនជាការប្រឌិតភូតកុហកដើម្បីផលប្រយោជន៍នយោបាយណាមួយនោះទេ។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យដាក់ទោសចំពោះជនណាដែលនិយាយថាមិនមានរបបប្រល័យពូជសាសន៍នៅកម្ពុជា។

សម្តេចថ្លែងថា៖«ខ្ញុំសូមស្នើឱ្យអ្នកច្បាប់ទាំងអស់ តើយើងអាចនឹងដាក់ច្បាប់នៅក្នុងប្រទេសកម្ពុជាបានឬអត់សម្រាប់ជនណាក៏ដោយដែលថាកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ គឺត្រូវទទួលទោស»។សម្តេចបានបញ្ជាក់ថា នេះមិនមែនជាការសង្កត់លើការបញ្ចេញមតិនោះឡើយ ប៉ុន្តែរាល់ការបញ្ចេញមតិដែលមានចរិតគាំពារបបប្រល័យពូជសាសន៍គួរតែត្រូវមានទោស។សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា សម្ដេចត្រូវរងចាំអស់រយៈពេល៤៣ ឆ្នាំ ទើបរកយុត្តិធម៌ជូនដល់ពលរដ្ឋខ្មែរដែលស្លាប់ និងរងគ្រោះព្រោះរបបប្រល័យពូជសាសន៍៕

ដោយ ៖ សិលា


ចែករំលែក៖