ខេត្តកណ្តាល ៖ អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត បង្រ្កាបករណី កាន់កាប់ និងប្រើប្រាស់អាវុធដោយខុសច្បាប់ (ដំបងដែករលាស់) (ក្មេងទំនើង)នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០២:៣០នាទី ស្ថិតនៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សមត្ថកិច្ចបញ្ជាក់ថា ៖ ជនជនសង្ស័យចំនួន ០២នាក់ រួមមាន៖
១.ឈ្មោះ ស៊ឹម ម៉ាលី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិសាយ៉ាវ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) ។
២.ឈ្មោះ វ៉ាន់ ណាត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) ។
ដោយឡែកវត្ថុតាងចាប់យករួមមាន ៖
-ដំបងដែករលាស់ ០១ ប្រវែង៦៦សង់ទីម៉ែត្រ ។
-ម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ បាត់ដំបង 1V-9304 ។
-ទូរស័ព្ទដៃ ០១គ្រឿងម៉ាក IPhone 11 ពណ៌ខ្មៅ ។
-លោហធាតុ ពណ៌ទង់ដែង ០១ខ្សែ មានប្រវែង៦១សង់ទីម៉ែត្រ ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងមុនពេលកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត បានដឹកនាំកម្លាំងប្រជាការពារចុះល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ តាមបណ្ដោយផ្លូវជាតិលេខ៣ បានឃើញក្រុមក្មេងទំនើងមួយក្រុមមានគ្នា០៦នាក់ ជិះម៉ូតូ០៣គ្រឿង មានកាន់អាវុធនិងខ្សែក្រ.វ៉ាត់ក្នុងដៃ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលអន្លង់រមៀត បានតាមឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ខាងលើ រួមទាំងវត្ថុតាងបញ្ជូនមកអធិការនគរបាលស្រុកកណ្តាលស្ទឹង ដើម្បីធ្វើការសាកសួរ។ ក្រោយធ្វើការសាកសួររួចជនសង្ស័យទាំង០២នាក់ បានសារភាពថាខ្លួននឹងបក្ខពួកទាំង០៦នាក់ បានចេញពីហាងផឹកស៊ីមួយកន្លែង នៅម្តុំផ្សារព្រៃទទឹង ពេលនោះមានក្រុមជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណបានដេញវាយបក្ខពួករបស់ខ្លួន ឃើញដូចនោះក្រុមបក្ខពួកជនសង្ស័យខាងលើ បានជិះរត់គេចទៅបន្ទប់ជួលរបស់ខ្លួន មួយសន្ទុះក្រោយមកជនសង្ស័យនិងបក្ខពួកខាងលើ បាននាំគ្នាជិះម៉ូតូកាន់អាវុធនិងខ្សែក្រវ៉ាត់ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ដើម្បីដើររកមើលជនសង្ស័យមួយក្រុមទៀត ដែលដេញវាយបក្ខពួករបស់ខ្លួន រួចបានជួបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត តែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវីធីច្បាប់ ៕
ដោយ ៖ សិលា