ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងតាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាមផ្លូវការរបស់សម្ដេចថា៖ មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា។
អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ នោះនឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។
ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
* សហព័ទ្ធ (ប្តី ឬប្រពន្ធ)
– សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
– សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
* កូនក្នុងបន្ទុក
– សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត
– និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
– សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងទៅកាន់លេខ ១២៨៦៕
ដោយ៖ តារា