ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់អំពី ៖ «ស្ថានីយ៍អង់តែនទូរសព្ទចល័ត» !

ចែករំលែក៖

ភ្នំពេញ ៖ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ៖ តើអ្នកស្គាល់របស់នេះទេ? គេហៅវាថាម៉េច? ហើយវិវត្តិន៍ឈ្មោះវាតាមជំនាន់បច្ចេកវិទ្យាបណ្តាញទូរស័ព្ទយ៉ាងដូចម្តេច?

លោកបន្តថា ៖ ខ្ញុំប្រាប់ទៅចុះ នេះគេហៅថា «ស្ថានីយអង់តែនទូរសព្ទចល័ត» ដែលជាភាសាបច្ចេកសព្ទបរទេសហៅថា Base Station ឬ Base Transceiver Station។ 

លោកបញ្ជាក់ថា ៖ របស់នេះហើយដែលបងប្អូនទាំងអស់គ្នាឃើញតាំងនៅលើដំបូលផ្ទះ ឬលើអាគារ ឬនៅលើដីជិតតំបន់ដែលលោកអ្នករស់នៅ ដើម្បីបង្កើតឲ្យមានតំបន់សេវានិងសេវាទូរសព្ទចល័តដល់លោកអ្នកប្រើប្រាស់នាខណៈនេះ។

ខាងក្រោមគឺជាឈ្មោះនិងអត្ថន័យរបស់វាតាមការវិវត្តនៃបច្ចេកវិទ្យាបណ្តាញទូរសព្ទចល័ត មានដូចតទៅ៖

១) ស្ថានីយអង់តែន(Base Station/ Base Transceiver Station-BTS) គឺជាបណ្តុំបរិធានទូរគមនាគមន៍ដែលបញ្ជូនទទួលស៊ីញ៉ាល់វិទ្យុគមនាគមន៍រវាងឧបករណ៍ចល័ត(ទូរសព្ទចល័ត កុំព្យូទ័របន្ទះ កុំព្យូទ័រយួរដៃ និង/ឬឧបករណ៍ឆ្លាតវៃដទៃទៀត)របស់អតិថិជន និងបណ្តាញចល័តរបស់ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ចល័ត នៅក្នុងបណ្តាញចល័តឬបណ្តាញឥតខ្សែ។

ហើយបន្ទាប់មកវាវិវត្តទៅជា..

អ្វីទៅជា «ណូដប៊ី(NodeB) និង អ៊ីណូដប៊ី(eNodeB)?

២) ណូដប៊ី(NodeB) គឺជាស្ថានីយអង់តែនវិទ្យុ(Radio Base Station)សម្រាប់ប្រព័ន្ធទូរគមនាគមន៍ចល័តសកល(UMTS) ឬ បណ្តាញ 3G។

៣) អ៊ីណូដប៊ី(eNodeB) គឺជាណូដនៃបណ្តាញវិទ្យុសម្រាប់ស្តង់ដាបច្ចេកវិទ្យាទូរសព្ទចល័តជំនាន់ទី៤(4G/LTE)។

៤) ហ្ស៊ីណូដប៊ី(gNodeB) គឺជាណូដបណ្តាញវិទ្យុសម្រាប់ស្តង់ដារបច្ចេកវិទ្យាបណ្តាញទូរសព្ទជំនាន់ទី៥(5G)។

៥) ណូដប៊ីជំនាន់ថ្មី(Next Generation NodeB / ngNodeB) គឺជាស្ថានីយអង់តែនដែលបានធ្វើបច្ចុប្បន្នភាពសម្រាប់ស្តង់ដារបច្ចេកវិទ្យាទូរសព្ទចល័តជំនាន់ទី៤(4G)ដែលបំពាក់ភ្ជាប់ទៅនឹងបណ្តាញស្នូលទូរសព្ទជំនាន់ទី៥(5G)៕

ដោយ ៖ សិលា


ចែករំលែក៖