ព័ត៌មានទាន់ហេតុការណ៍៖

ថារត់មិនរួចទេ ឃាតក ប្លន់សម្លាប់ ថៅកែគ្រឿងសំណង់ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនបានហើយ ចំនួន២នាក់ ឃាតក ជានារីមុខស្រស់ និងយុវជនវ័យក្មេង

ចែករំលែក៖

ខេត្តសៀមរាប ៖ ឃាតក ដែលប្លន់សម្លាប់ ថៅកែគ្រឿងសំណង់ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនបានហើយ  នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប នាយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៤ ។ 

សូមបញ្ជាក់ថា ៖ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ម្នាក់ រស់នៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានឃាតកចាក់សម្លាប់ជាច្រើនកាំបិត ដើម្បីប្លន់យកទ្រព្យសម្បត្តិមានតម្លៃ នាវេលាទាបភ្លឺថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ។

សមត្ថកិច្ចក្រុងសំរោង បានថ្លែងថា ម្ចាស់ដេប៉ូលក់គ្រឿងសំណង់មានឈ្មោះ សួស សត្ថា អាយុ៥៥ឆ្នាំ។

តាមការសន្និដ្ឋានមុនធ្វើសកម្មភាព ឃាតកបានធ្វើការគាស់ទ្វារកញ្ចក់បន្ទប់ខាងមុខការិយាល័យ ហើយក៏ឆ្លងតាមបង្អួចចូលទៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ទើបធ្វើការចាក់ទៅលើជនរងគ្រោះដោយដែកមុតស្រួចចំណុចត្រង់ក និងចុងដង្ហើមខាងមុខចំនួន២កាំបិត និងចាក់ខាងក្រោយកញ្ចឹងកចំនួន២កាំបិត ព្រមទាំងវាយក្បាលយ៉ាងដំណំ ហើយបានប្រមូលយកវត្ថុមានតម្លៃរួមមាន ខ្សែកមាស ទម្ងន់៥ដំឡឹង៥ជីមួយខ្សែ, ចិញ្ចៀនមាសទម្ងន់១ដំឡឹង៥ជីមួយវង់, ទូរស័ព្ទ អាយហ្វូន១គ្រឿង និងអិនចុចពិលមួយគ្រឿង ព្រមទាំងលុយក្នុងកាបូបមួយចំនួន។

ក្រោយធ្វើសកម្មភាពរួច ជនសង័្សយជាឃាតកឈាមស្រស់ បានបើករថយន្តរបស់ជនរងគ្រោះម៉ាក តូយ៉ូតា CROSS ពណ៌ស ពាក់ស្លាកលេខឧត្តរមានជ័យ2C-1112 យកមកចតចោលនៅចំណុចភូមិឈូក ម្ដុំភោជនីយដ្ឋានសាច់អាំងទឹកកាពិ ស្ថិតក្នុងក្រុងសំរោង ហើយគេចខ្លួនដោយសុវត្ថិភាព។

លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានអះអាងថា ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅកំណត់មុខសញ្ញា នឹងឃាត់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់។ 

ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ 

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋបានលើកឡើងថា គ្មានឱកាសរត់រួចពីសមត្ថកិច្ច ទុកឱ្យអ្នកប្រព្រឹត្តបទល្មើសទេ ខណៈមុខសញ្ញា ជាការប្រមាញ់ របស់សមត្ថកិច្ចជំនាញយ៉ាងយកចិត្តទុកដាក់ ទីបំផុត ឃាត់ខ្លួនឃាតក បានមែន ! 

សូមជម្រាបថា ៖ ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង២០:០០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តសៀមរាប និងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកប្រាសាទបាគង សហការជាមួយកម្លាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ តាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការសម្របសម្រួលពី លោក មាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។

ជនសង្ស័យ ១-ឈ្មោះ ទ្រី សុជា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិលលៃ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ 

២-ឈ្មោះ អ៊ន់ ប៊ុនឡុង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្នុងប្រតិបត្តិការនេះ ក្រៅពីឃាត់ខ្លួនជនសង្ស័យបានពីរនាក់សមត្ថកិច្ចកងរាជអាវុធហត្ថ បានចាប់យកវត្ថុតាងរួមមាន៖

១-លោហៈធាតុពណ៌លឿង ខ្សែ.ក០១ខ្សែ

២-ទូរស័ព្ទ០២គ្រឿង

៣-លោហៈធាតុពណ៌លឿងចិញ្ជៀន០២វង់

៤-ម៉ូតូម៉ាក ហុងដាឃ្លីក០១គ្រឿង។

 បច្ចុប្បន្នការិយាល័យជំនាញបានបញ្ជូនជនសង្ស័យនិងវត្ថុតាងប្រគល់ជូនការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីបន្តនីតិវិធី ៕

ដោយ ៖ សិលា


ចែករំលែក៖