ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យម យកផលិតផលខ្មែរទៅផ្សព្វផ្សាយតាមរយៈ Alibaba.com”

ចែករំលែក៖

 ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  នាព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” ដែលមានវត្តមានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន Alibaba និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម លោកស្រីរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួងពាណិជ្ជកម្ម វិស័យឯកជន និងក្រុមការងារក្រុមហ៊ុន Alibaba.com ដែលបានខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហការជិតស្និទ្ធ ដោយទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលលោកស្រីមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងអាចទាញយកអត្ថប្រយោជន៍ជាអតិបរិមា ដើម្បីពងី្រកវិសាលភាពក្នុងការនាំចេញផលិតផលខ្មែរ ពង្រឹងលទ្ធភាពក្នុងការប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ចទៅក្នុងទីផ្សារអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី ក៏បានស្នើនិងលើកទឹកចិត្តដល់ក្រុមហ៊ុន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចូលរួមដាក់ផលិតផលខ្មែរ និងប្រើប្រាស់ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដោយឥតគិតថ្លៃ និងសិក្សាអំពីលទ្ធភាពក្នុងការចូលរួមជាមួយផ្សារពាណិជ្ជកម្ម Alibaba.com ដើម្បីដាក់លក់ និងជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិផ្សេងៗទៀត ដើម្បីគាំទ្រនិងជំរុញបន្ថែមនូវការប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងជំរុញកិត្តិនាមផលិតផលកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង និងទទួលស្គាល់ពីគុណភាព ស្តង់ដាររបស់ខ្លួនពីអ្នកប្រើប្រាស់អន្តរជាតិបាន។

មុននឹងបញ្ចប់ ដើម្បីជំរុញការប្រើប្រាស់ថ្នាល Alibaba.com ក៏ដូចជាលើកកម្ពស់កិត្តិនាម និងជំរុញការនាំចេញផលិតផលខ្មែរ លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួន រួមមាន៖

 (១). ត្រូវរៀបចំគោលការណ៍ណែនាំ និងវីដេអូខ្លីៗ អំពីរបៀបប្រើប្រាស់ថ្លាល Alibaba.com នេះ ដើម្បីឱ្យវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានភាពងាយស្រួលយល់ និងប្រើប្រាស់ ។

(២). ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជួយសម្របសម្រួលបន្ថែម ដើម្បីឱ្យវិស័យឯកជន និងធុរជនដែលមានផលិតផលសក្តានុពល អាចឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវ និងអាចនាំចេញបានតាមរយៈយន្តការនេះ។

 (៣). បន្តសហការជាមួយក្រុមហ៊ុន Alibaba.com ក្នុងការតាមដាន និងវិភាគតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយបន្ថែមដល់វិស័យឯកជន និងធុរជនកម្ពុជា សម្រាប់ជាការត្រៀមខ្លួននិងគិតគូរក្នុងការផ្គត់ផ្គង់ផលិតផលដែលអតិថិជនត្រូវការនាពេលបច្ចុប្បន្ន និងអនាគត។

 (៤). បន្តផ្សព្វផ្សាយ បណ្តុះបណ្តាល និងផ្តល់ការប្រឹក្សាផ្នែកបច្ចេកទេស សំដៅកៀរគរ និងជួយសម្របសម្រួលបន្ថែមដល់ការចូលរួមរបស់ធុរជនកម្ពុជានៅក្នុងយន្តការនេះ ។

និង (៥). ក្រសួង-ស្ថាប័ន និងវិស័យឯកជនក្នុងស្រុក និងអន្តរជាតិ បន្តសហការឱ្យបានជិតស្និទ្ធ ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖