ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិដែលរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ៖ កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយនៅគ្រប់ដំណាក់កាលទាំងអស់នៃការអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត។

នៅក្នុងសារលិខិតអបអរសាទរក្នុងឱកាសទិវាកុមារអន្តរជាតិ១មិថុនា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពល សម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។

ក្នុងសារលិខិតដដែលនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាព និងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍នីតិរដ្ឋ តាមរយៈការចូលរួមយ៉ាងសកម្ម ពេញលេញ និងស្មើភាពគ្នាក្នុងការអភិវឌ្ឍគ្រប់វិស័យនិងគ្រប់កម្រិត។

នៅក្នុងសារលិខិតនោះដែរ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រឹងវិស័យសុខាភិបាល តាមរយៈការលើកកម្ពស់សុខភាពបន្តពូជ ការផ្តល់អាហារូបត្ថម្ភដល់កុមារនិងការកាត់បន្ថយមរណភាពមាតា ទារក និងកុមារផងដែរ។ លើសពីនេះ រាជរដ្ឋាភិបាល បានបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សា ជាពិសេសការអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំ ហើយរាជរដ្ឋាភិបាល បានផ្តល់ការគាំពារដល់ប្រជាជនដែលរស់នៅក្រោមនិងក្បែរបន្ទាត់នៃភាពក្រីក្រដោយផ្តោតជាពិសេសលើកុមារ ស្រ្តីមានផ្ទៃពោះ ជនមានពិការភាពនិងជនចាស់ជរាគ្មានទីពឹង ដូចជា ការដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រដើម្បីសម្រាលបន្ទុក លើកកម្ពស់ជីវភាព និងអាហារូបត្ថម្ភដល់ស្រ្តីនិងកុមារ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សានិងមធ្យមសិក្សាជាដើម។ 

ក្នុងស្មារតីនេះ សម្តេចធិបតី សូមធ្វើការអំពាវនាវចំនួន៩ ចំណុច ដូចតទៅ៖

១- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារត្រូវបន្តការសម្របសម្រួល និងពង្រឹងការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ ព្រមទាំងផ្សព្វផ្សាយនិងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារកុមារ ជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាព។

២-ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធរួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបថសង្គម តាមរយៈ ការទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវញ្ច និង រំលោភបំពានលើកុមារគ្រប់រូបភាព ទាំងអហ្វឡាញនិងអនឡាញ ឱ្យបានសមស្របនិងទាន់ពេលវេលា។

៣-ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ត្រូវយកចិត្ត ទុកដាក់ពិគ្រោះយោបល់ជាមួយកុមារ រាល់ពេលតាក់តែងច្បាប់ គោលនយោបាយ លិខិតបទដ្ឋាន គតិយុត្តនានាដែលពាក់ព័ន្ធដល់ការរស់នៅ តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្ភរបស់ពួកគេ ជាពិសេស លើកកម្ពស់ការអនុវត្តសិទ្ធិចូលរួមរបស់កុមារឱ្យមានភាពទូលំទូលាយ។

៤- លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងភាពជាពលរដ្ឋឌីជីថល ដោយ ពង្រឹងការអនុវត្តច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារជនរងគ្រោះឱ្យមាន ប្រសិទ្ធភាព ជាពិសេសបណ្តុះបណ្តាលដល់អនក្ខរជនឌីជីថល និងជំរុញលើកកម្ពស់ពលរដ្ឋកម្ពុជា ឱ្យក្លាយជាពលរដ្ឋឌីជីថល ប្រកបដោយសុវត្ថិភាព និងឧត្តមប្រយោជន៍។

៥- ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារ ពីរបៀបការពារខ្លួនប្រឆាំងនឹងការរំលោភបំពាន ការបៀតបៀនផ្លូវភេទតាមគ្រប់រូបភាព ការសម្លុត គំរាមកំហែងគ្រប់បែបយ៉ាង និងត្រូវធ្វើឱ្យកុមារអាចយល់ដឹងពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬមនុស្ស ពេញវ័យដែលជាអ្នកថែទាំពួកគេ។

៦- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារដើម្បីលុបបំបាត់ គ្រប់ទម្រង់នៃពលកម្មកុមារ ដោយលើកកម្ពស់ការយល់ដឹង បណ្តុះបណ្តាល និងផ្សព្វផ្សាយអំពី ការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការអធិការកិច្ច ពលកម្មកុមារ ព្រមទាំងកៀរគរធនធាន និងចលនាសាធារណជនក្នុងការស្វែងរកដំណោះស្រាយ សមស្របដើម្បីជួយសង្គ្រោះពលកម្មកុមារ។

៧-គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការកេងប្រវញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងពលកម្មកុមារគ្រប់រូបភាព ជាពិសេស ពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយ ខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារក្លាយជាជនរងគ្រោះ។

៨- បង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងផ្តល់សេវាឆ្លើយតប ឱ្យបានសមស្រប និងទាន់ពេលវេលា ដើម្បីរួមចំណែកទប់ស្កាត់ការកេងប្រវញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធ អនឡាញ និងលុបបំបាត់ពលកម្មកុមារនៅកម្ពុជា។

៩- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារថ្នាក់រាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍ រៀបចំពិធីអបអរសាទរខួបលើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ទិវា ពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានផុលផុស៕

ដោយ ៖ សិលា


ចែករំលែក៖