ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគអន្តរជាតិ ៖ អ្វីដែលហៅថា “សិទ្ធិមនុស្សបែបអាមេរិក”គឺប្រើបុព្វសិទ្ធិនៅក្នុងប្រទេស និងធ្វើអនុត្តរភាពនៅផ្ទៃអន្តរជាតិ

ចែករំលែក៖

អន្តរជាតិ ៖ ពូជសាសន៍និយមបានចាក់ជ្រៅទៅក្នុងផ្នត់គំនិត គម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែខ្លាំងក្លា ការធ្វើបដិបក្ខគ្នារវាងបក្សពួកកើតមានជាបន្តបន្ទាប់ បានច្រានចោលនិងរើសអើងជនអន្តោប្រវេសន៍ ។ល។ «របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកឆ្នាំ២០២៣»ដែលការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយកាលពីថ្ងៃទី២៩ខែឧសភា បានប្រើទិន្នន័យជាច្រើននិងសំណុំរឿងស្រស់ៗ ក្នុងន័យលាតត្រដាងនូវការពិតដែលអាមេរិករំលោភសិទ្ធិមនុស្ស ។ នេះជាផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ 

  CCFR China state-controlled media បានបន្តថា ៖ សូមយកអំពើហិង្សាដោយកាំភ្លើងជាឧទាហរណ៍ ។ យោងតាមស្ថិតរបស់វេបសាយ “បណ្ណសារអំពើហិង្សាដោយកាំភ្លើង”បានឱ្យដឹងថា នៅឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានកើតមានករណីបាញ់ប្រហារទ្រង់ទ្រាយធំយ៉ាងហោចណាស់ចំនួន៦៥៤ករណី ។ អំពើហិង្សាដោយកាំភ្លើងបានបណ្តាលឱ្យមនុស្សចំនួនជិត៤ម៉ឺន៣ពាន់នាក់ស្លាប់បាត់បង់ជីវិត គិតជាមធ្យមក្នុងមួយថ្ងៃមានមនុស្សចំនួន១១៧នាក់ស្លាប់បាត់បង់ជីវិត ។ របាយការណ៍នេះបានលើកឡើងថា អ្នកនយោបាយអាមេរិកសម្លឹងឃើញតែលុយកាក់និងផលប្រយោជន៍ផ្ទាល់ខ្លួនខាងនយោបាយ ពិបាកឈានដល់គំនិតឯកភាពរួមអំពីការគ្រប់គ្រងកាំភ្លើង ចុងបំផុត បណ្តាលឱ្យប្រជាជនសាមញ្ញលះបង់អាយុជីវិត ។

      ព្រមពេលជាមួយគ្នានេះ បើប្រៀបធៀបនឹងមនុមួយស្សចំនួនតូចដែលមានឋានៈគ្រប់គ្រង់លើវិស័យនយោបាយ សេដ្ឋកិច្ចនិងសង្គម ប្រជាពលរដ្ឋអាមេរិកភាគច្រើនកាន់តែមិនត្រូវបានយកចិត្តទុកដាក់ គេមិនអើពើសិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ  “សិទ្ធិមនុស្សបែបអាមេរិក”បានក្លាយទៅជា “បុព្វសិទ្ធិបែបអាមេរិក” ។ ក្នុងនោះ បញ្ហាដែលមានភាពលេចធ្លោបំផុត គឺបញ្ហារើសអើងពូជសាសន៍ ។

    មិនត្រឹមតែប៉ុណ្ណោះទេ  គម្លាតរវាងអ្នកមាននិងអ្នកក្រនៅសហរដ្ឋអាមេរិកបានឈានដល់កម្រិតធ្ងន់ធ្ងរបំផុតតាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩២៩មក ។ ទិន្នន័យបានបង្ហាញឱ្យឃើញថា នៅត្រីមាសទី៣ ឆ្នាំ២០២៣ មនុស្សចំនួន១០ភាគរយដែលមានប្រាក់ចំណូលច្រើនបំផុត កាន់កាប់ចំនួន៦៦,៦ភាគរយនៃទ្រព្យសម្បតិ្តសរុបរបស់អាមេរិក  ។ បើប្រៀបធៀបនឹងសភាពការណ៍បែបនេះ មនុស្សចំនួន៥០ភាគរយដែលមានប្រាក់ចំណូលទាបបំផុត គ្រាន់តែមានចំនួន២,៦ភាគរយនៃទ្រព្យសម្បតិ្តសរុបតែប៉ុណ្ណោះ ។

     បើមើលពីស្រទាប់កាន់តែស៊ីជម្រៅ ហេតុអ្វីបានជាជំនឿចិត្តរបស់ប្រជាជនអាមេរិកបានធ្លាក់ចុះ មូលហេតុសំខាន់គឺដោយមកពីនយោបាយលុយកាក់និងការបដិបក្ខគ្នារវាងបក្សពួកដែលកើតមានជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិក ។ បច្ចុប្បន្ននេះ ប្រជាធិបតេយ្យបែបអាមេរិកគ្មានន័យពីមួយថ្ងៃទៅមួយថ្ងៃ ដែលបានក្លាយជាហ្គេមសម្រាប់ជួញដូរផលប្រយោជន៍ ។

     ក្រៅពីនេះ ការបែកបាក់គ្នាខាងនយោបាយដែលមានសភាពកាន់តែធ្ងន់ធ្ងរ បណ្តាលឱ្យសង្គមអាមេរិកមានភាពប្រេះស្រាំកាន់តែខ្លាំងឡើងៗ ដែលបានរង្គោះរង្គើនូវជំនឿចិត្តរបស់ប្រជាជនអាមេរិកថែមមួយកម្រិតទៀត ។ វេបសាយនៃទស្សនាវដី្តប្រចាំសប្តាហ៍ « The Economist »របស់អង់គ្លេសបានចេញផ្សាយបទវិភាគថា ដោយមកពីបក្សនយោបាយនានាប្រញាប់ធ្វើបដិបក្ខគ្នានៅផ្ទៃក្នុង បានជានៅឆ្នាំ២០២៣ រដ្ឋសភាអាមេរិកមិនបានតាក់តែងច្បាប់ច្រើនប៉ុន្មានទេ អាចបាននិយាយថាជារដ្ឋសភាដែលមានប្រសិទ្ធភាពទាបបំផុត តាំងពីសង្គ្រាមផ្ទៃក្នុងអាមេរិកមក ។

      ប្រើបុព្វសិទ្ធិនៅក្នុងប្រទេស និងធ្វើអនុត្តរភាពនៅផ្ទៃអន្តរជាតិ ។ ពីការដឹកជញ្ជូនអាវុធ ដូចជាគ្រាប់បែកចង្កោមជាដើមទៅកាន់អ៊ុយក្រែនជាបន្តបន្ទាប់ ដល់ការផ្តល់ជំនួយខាងយោធាជាច្រើនដល់អ៊ីស្រាអែល រហូតដល់ការដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើប្រទេសជាច្រើន ដូចជាគុយបា អ៊ីរ៉ង់និងស៊ីរីជាដើម រដ្ឋាភិបាលអាមេរិកបានប្រែក្លាយសិទ្ធិមនុស្សទៅជាលេសសម្រាប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត និងជាអាវុធសម្រាប់គាំពារអនុត្តរភាពបែបអាមេរិក ដែលបានបណ្តាលឱ្យកើតមានវិបតិ្តមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ក៏ដូចជាបានបំផ្លាញដល់កិច្ចការសិទ្ធិមនុស្សសកលផងដែរ ។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ អ្នកនាំពាក្យនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ បានលើកឡើងថា ការបំបិទផ្លូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញវត្ថុដែលអាមេរិកអនុវត្តនៅគុយបា បានល្មើសនឹង «ធម្មនុញ្ញអង្គការសហប្រជាជាតិ» ហើយបានបង្កជាផលប៉ះពាល់មានលក្ខណៈវិនាសចំពោះប្រជាជនគុយបា ។

      អ្នកផងទាំងពួងបានមើលឃើញយ៉ាងច្បាស់ថា អ្វីដែលហៅថា “សិទ្ធិមនុស្សបែបអាមេរិក” គ្រាន់តែជាបុព្វសិទ្ធិរបស់មនុស្សមួយចំនួនតូចក្នុងស្រុកអាមេរិក និងធ្វើអនុត្តរភាពនៅផ្ទៃអន្តរជាតិតាមទំនើងចិត្តតែប៉ុណ្ណោះទេ ។ នៅចំពោះមុខកំណត់ត្រាដ៏អាក្រក់  “សិទិ្ធមនុស្ស”ដែលអ្នកនយោបាយអាមេរិកមួយចំនួនតែងតែឃោសនាបំប៉ោងនោះ គួរឱ្យហួសចិត្តណាស់ អ្វីដែលហៅថា “ចៅក្រមកាត់ក្តីសិទ្ធិមនុស្ស” តាមពិតទៅ អ្នកដែលត្រូវទទួលការកាត់ក្តីនោះគឺជាខ្លួនឯងទៅវិញទេ ៕

ប្រភព ៖ (CCFR China state-controlled media)


ចែករំលែក៖