ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី​១០ ខែមិថុនា ឆ្នាំ២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ មានដូចខាងក្រោម​៖

-សម្តេចធិបតី ថ្លែងថា ធនធានមនុស្សគឺជាកត្តាធំបំផុតសម្រាប់កសាងជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ហើយប្រសិនបើគ្មានធនធានមនុស្សទេកិច្ចការងារអ្វីក៏មិនអាចសម្រេចបាននោះឡើយ។

-សម្តេចធិបតី ថ្លែង​ណែនាំដល់សិស្សមន្រ្ដីនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ខិតខំអភិវឌ្ឍន៍ខ្លួន និងបំពេញការងារឱ្យអស់ពីសមត្ថភាពដើម្បីបម្រើប្រជាពលរដ្ឋ និងជួយអភិវឌ្ឍន៍សង្គមជាតិ កម្ពុជាប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ។

-សម្តេចធិបតី ថ្លែងថា​ មានប្រព័ន្ធការងារល្អ លុះត្រា ណាយើងត្រូវមានធនធានមនុស្សគ្រប់គ្រាន់ ដូច្នេះយើងត្រូវតែពង្រឹងនូវធនធានមនុស្សនេះឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀតគ្រប់ក្រសួង ស្ថាប័នទាំងអស់។

-សម្ដេចធិបតី ថ្លែង​ថា ដើម្បីឱ្យការងារក្នុងស្ថាប័នមួយរីកមច្រើន និង ដំណើរការទៅដោយរលូន គឺត្រូវមានយន្តការល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព។

-សម្តេចធិបតី ថ្លែង​ថា ជោគជ័យលើកំណែទម្រង់ដ៏ធំបំផុតក្នុងការប្រឡង មិនមែនគ្រាន់តែជាការរឹតបន្ដឹងការប្រឡងនោះទេ ប៉ុន្ដែជាការកែប្រែឥរិយាបថរបស់សិស្ស និងឪពុកម្ដាយរបស់សិស្សឱ្យពួកគាត់​បញ្ឈប់​ស្វែងរកការអន្តរាគមន៍នៅពេលមានការប្រឡងណាមួយដូចជាការប្រឡងបាក់ឌុបជាដើម។

-សម្ដេចធិបតី ថ្លែង​ថា សាលាភូមិន្ទរដ្ឋបាល គួរជាសាលាដែលមាន ស្តង់ដាវិន័យខ្ពស់ ដោយសិស្ស និងកម្មសិក្សាការីម្នាក់ៗ ត្រូវគោរពតួនាទី និងភារកិច្ចរបស់សាលាដោយខ្លួនឯង និងមិនគួរអនុវត្តវិធានការវិន័យតឹងរ៉ឹងនោះទេ។ ព្រោះថា អ្នកដែលបញ្ចប់ការសិក្សានៅ ទីនេះ នឹងក្លាយជាមន្ត្រីបម្រើសេវាសាធារណៈជូនពលរដ្ឋ និងជាអនាគតកាន់ការងារជាមេដឹកនាំ ហេតុនេះ ត្រូវធ្វើជាគំរូដល់សាធារណជន។

-សម្ដេចធិបតី ថ្លែងថា​ ការបម្រើប្រជារាស្ត្រប្រជាពលរដ្ឋ គឺដូចបម្រើ ខ្លួនឯង, កូនៗខ្លួនឯង និងក្រុមគ្រួសារខ្លួនឯង។ ហេតុនេះត្រូវអនុវត្តតួនាទីភារកិច្ចជាមន្ត្រីល្អ មន្ត្រីគំរូ ដើម្បីបម្រើសេវាសាធារណៈឱ្យបានល្អជូនពលរដ្ឋ។

-សម្តេចធិបតី ថ្លែង​ថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិទី៧នេះ បានធ្វើវិមជ្ឈការ និងវិសហមជ្ឈការទៅថ្នាក់ក្រោមជាតិ គឺដើម្បីផ្ដល់សេវាបម្រើប្រជាពលរដ្ឋឱ្យទៅដល់គ្រប់ទីកន្លែង និងរឹតតែល្អនៅថ្នាក់ក្រោមជាតិ។

-សម្ដេចធិបតី​ ថ្លែង​ថា ម្ដាយឪពុកដែលភ័យខ្លាចកូនមិនបានប្រលង ជាប់ សូមកុំទៅរត់ការ ឬ ស្វែងរកការអន្តរាគមន៍ណាមួយ។ សម្ដេចធិបតីបន្ថែមថា បើឪពុកម្ដាយភ័យ ខ្លាចកូនប្រឡងមិនជាប់ សូមប្រាប់ឱ្យកូនខំប្រឹងរៀនសូត្រ។

-សម្ដេចធិបតី ថ្លែង​ថា សូមវិស័យរដ្ឋ កុំដើរតួនាទីដូចឆ្មា ហើយវិស័យ ឯកជនដើរតួនាទីដូចកណ្ដុរ។ រដ្ឋ និងឯកជនត្រូវដើរតួនាទីជាឆ្មាដូចគ្នា ដើម្បីកម្ចាត់កណ្ដុរ ដែលជាបរិ ស្ថានមិនល្អ ដើម្បីកម្ពុជាមានបរិយាកាសរស់នៅល្អទាំងអស់គ្នា។

– សម្តេចធិបតី ថ្លែង​ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងធ្វើទំនើបកម្មលើការផ្ដល់សេវាដល់ប្រជាពលរដ្ឋពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិ ដូចជាការចុះបញ្ជីពាណិជ្ជកម្មអាជីវកម្មរបស់ប្រជាពលរដ្ឋ គឺអាចធ្វើឡើងបានតាមរយៈប្រព័ន្ធឌីជីថល អនឡាញ។

-សម្តេចធិបតី ថ្លែង​ណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ពេលជួបករណី ប្តី ឬសាច់ញាតិដឹកស្រ្តីមានផ្ទៃ ពោះទៅកាន់មន្ទីរពេទ្យ ហើយមានការ​លើសលស់​នឹងច្បាប់ចរាចរណ៍គប្បីត្រូវលើកលែងដល់ពួកគាត់ និង ត្រូវអមពួកគាត់ និងធ្វើចរាចរណ៍ជូនពួកគាត់ឲ្យដល់គោលដៅ ឬមន្ទីរពេទ្យទើបជាការល្អបំផុតសម្រាប់មន្រ្តីបម្រើប្រជាជន។

-សម្ដេចធិបតី ថ្លែងថា​ ដើម្បីពង្រឹងគុណភាពប្រឡង គឺគ្រប់គ្រងលើវិញ្ញាសាដែលត្រូវចេញសម្រាប់ការប្រលងឱ្យបានហ្មត់ចត់កុំឱ្យមានការបែកធ្លាយ និងទី២ គ្រប់គ្រងលើ កំណែវិញ្ញាសាឱ្យបានម៉ត់ចត់។

-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលមានក្រសួងចំនួន៣០ ជាសេនាធិការ ដែលមានកាតព្វកិច្ចរៀងៗខ្លួន តែត្រូវសហការគ្នា ដើម្បីគោលដៅតែមួយ គឺការបម្រើឱ្យផលប្រយោជន៍ជាតិ និងប្រជាជន។

-សម្តេចធិបតី ថ្លែង​ថា បើទោះបីជាការអនុវត្តរបស់រាជរដ្ឋាភិបាលមានលក្ខណជាពហុភាគី ដែលត្រូវមានសិទ្ធិ កាតព្វកិច្ច និងតួនាទីដាច់ដោយឡែកពីគ្នាក៏ ដោយ តែត្រូវមានការសហការរវាងគ្នាក្នុងកម្រិតណាមួយ។

-សម្តេចធិបតី ថ្លែង​បញ្ជាក់​ថា៖ «យើងធ្វើការជាក្រុម យើងធ្វើការជាលក្ខណពហុភាគី ក្រសួង៣០ ប៉ុន្តែប្រសិនបើគ្មានស្ដង់ដារក្រមប្រតិបត្តិ ពិតណាស់ជំនាញខុសគ្នា ប៉ុន្តែត្រូវមានក្រមប្រតិបត្តិក្នុងការសហការណាមួយ រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គឺត្រូវមានសិទ្ធិរៀងៗខ្លួន កាតព្វកិច្ចរៀងៗខ្លួន តាមច្បាប់ប្រគល់ឱ្យរៀងៗខ្លួន តែត្រូវមានការសហការកម្រិតណា ខ្សែបណ្ដាយ ខ្សែទទឺង បើមិនអ៊ីចឹង យើងប្របូកច្របល់»។

ក្នុងន័យនេះ សម្ដេចធិបតី ចង់បញ្ជាក់អំពីសារសំខាន់នៃការបណ្ដុះបណ្ដាលក្រុមប្រតិបត្តិការ ពោលគឺការបណ្ដុះបណ្ដាលមន្ត្រីឱ្យបានយល់ពីតួនាទី ភារកិច្ច និងការគិតគូរៀបចំឋានានុក្រមការងារឱ្យបានច្បាស់លាស់៕

ដោយ​៖តារា​


ចែករំលែក៖