ភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ៤កើតខែជេស្ឋ ឆ្នាំរោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្ស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១០ ដោយមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល នៅវិមាន ៧ មករា ។
សម្តេចភក្តី សាយ ឈុំ បានថ្លែងថា វគ្គអប់រំនយោបាយកម្រិត២ ជំនាន់ទី១០ ដែលកំពុងចាប់ផ្តើមប្រព្រឹត្តទៅនេះ គឺស្របពេលដែលគណបក្សប្រជាជនកម្ពុជាយើងទើបទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។
សម្តេចបានបន្តថា ចំពោះរាជធានី-ខេត្តយើងទទួលបានសម្លេងគាំទ្រចំនួន ៩.៩៨៥សម្លេង ស្មើនឹង ៥០៤ អាសនៈ ប្រៀបធៀបនឹងអង្គបោះឆ្នោតយើងកើនបាន ៦១០សំឡេង និងកើនអាសនៈបាន ៣១អាសនៈ ។ ចំពោះថ្នាក់ក្រុង ស្រុក ខណ្ឌយើងទទួលបានសម្លេងគាំទ្រ ៩៩៥០សំឡេង ស្មើនឹង ៣២៥៧អាសនៈ គឺកើន ឡើង ៥៧២អាសនៈ គឺស្មើនឹង ២១០សំឡេង ។ ខេត្តដែលទទួលបានអាសនៈ ១០០% រួមមានខេត្ត មណ្ឌលគីរី,ខេត្តពោធិ៍សាត់,ខេត្តព្រះសីហនុ,ខេត្តកែប និងខេត្តឧត្តរមានជ័យ ។
សម្តេចភក្តី សាយ ឈុំ បានបញ្ជាក់ថា លទ្ធផលនេះស បញ្ជាក់ឱ្យឃើញច្បាស់នូវជំនឿជឿជាក់ និងទំនុកទុក ចិត្តរបស់អង្គបោះឆ្នោត និងប្រជាជនយើងមកលើការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាយើង ដែលធានាបានយ៉ាងរឹងមាំពិតប្រាកដនូវ សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី និងការអភិវឌ្ឍ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបន្តវេនដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រេច បាននូវសមិទ្ធផលជាច្រើនក្នុងការបន្តការពារ និងអភិវឌ្ឍប្រទេសជាតិ ប្រកបដោយសមត្ថភាព ថាមភាព កិត្យានុ ភាព សក្តានុពលដែលត្រូវបានទទួលនូវការអបអរសាទរ ពីសាធារណៈមតិជាតិ និងអន្តរជាតិ ។
សម្តេចក៏បានបញ្ជាក់បន្ថែមចំពោះពួកប្រឆាំងក្នុង និងក្រៅប្រទេស គេឈឺចាប់ណាស់ចំពោះការបរាជ័យដ៏អាមាស់របស់ពួកគេ ។ មូលហេតុដែលនាំឱ្យគេចាញ់ គឺមានច្រើន តែក្នុងនោះ មូលហេតុមួយដែលយើងគប្បីជ្រួតជ្រាបទាំងអស់គ្នា គឺថា គោលនយោបាយ និងទង្វើប្រតិបត្តិជាក់ស្តែងរបស់ពួកគេ គឺមិនស្របនឹងបំណងរបស់ប្រជាជន និងប្រទេសជាតិយើង ប៉ុន្តែយើងត្រូវចង ចាំថា ពួកប្រឆាំង (និយាយាជារួម) កាលណាគេកាន់តែចាញ់ ឧបាយកលរបស់ពួកគេក៏កាន់តែពិសពុល ដូច្នេះគេមិនភ្លេចទេនូវឧបាយកល ដើម្បីផ្តួលរំលំគណបក្ស ប្រជាជនកម្ពុជា ។ ប្រការនេះ ដែលយើងទាំងអស់គ្នាត្រូវតែមើលឱ្យឃើញ ហើយចងចាំឱ្យច្បាស់កុំបីធ្វេស ប្រហែស និងត្រូវតែលើកកម្ពស់ស្មារតីប្រុងប្រយត្ន័ឱ្យបានខ្ពស់ជានិច្ចក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់៕
ដោយ៖ សូរិយា