ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ២៨៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៦៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៩៨គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ១៦៣គ្រឿង និងម៉ូតូ ២២៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៨៤គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១០៥គ្រឿង និងម៉ូតូ ១៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៣ថ្ងៃ ពីថ្ងៃទី១-១៣ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៥,២៤៩គ្រឿង, រថយន្តធំ ១៣៤គ្រឿង, រថយន្តតូច ១,៨៨៩គ្រឿង, ម៉ូតូ ៣,២២៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៧៩២គ្រឿង, រថយន្តធំ ៥៧គ្រឿង, រថយន្តតូច ១,៣១២គ្រឿង និងម៉ូតូ ២,៤២៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ៖ តារា