ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ បញ្ជូនឧក្រិដ្ឋជន​ ០២នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់​ ដែលមានបណ្តាញនៅប្រទេសមីយ៉ាន់ម៉ា​ ហុងកុង ថៃ សហរដ្ឋអាមេរិក​ ខណៈ​ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងជ្រកកោន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញប្រឆាំងការសម្អាតប្រាក់ និងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនឧក្រិដ្ឋជន​ ០២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់​ ដែលមានបណ្តាញនៅប្រទេសមីយ៉ាន់ម៉ា​ ហុងកុង ថៃ សហរដ្ឋអាមេរិក​ ខណៈ​ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងជ្រកកោន សម្រាប់សម្អាតប្រាក់របស់ពួកគេ។

សូមរំលឹកថា  កម្លាំងជំនាញប្រឆាំងការសម្អាតប្រាក់ និងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ក្រុមឧក្រិដ្ឋជនចំនួន ០២នាក់ ទី១,ឈ្មោះ សុខ ហេង ហៅ MA ZHONGJUN  និងទី២,ឈ្មោះ សុក សុម៉ាលី កាលពីវេលាម៉ោង ០១និង៣៥នាទីរសៀល ចំណុចផ្សារទំនើបសូរិយា ខណ្ឌដូនពេញ ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់។ តាមរយៈព័ត៌មាន ភស្តុតាង និងតម្រុយជាច្រើនដែលទទួលបានពីការស្រាវជ្រាវ អាចបញ្ជាក់បានថា ជនទាំងពីររូបនេះ ជាក្រុមឧក្រិដ្ឋជន​ដែលមានអង្គការចាត់តាំងនៅតាមបណ្តាប្រទេសមួយចំនួន ក្នុងតំបន់បានធ្វើសកម្មភាពផ្ទេរហិរញ្ញវត្ថុដោយ​លាក់បាំងប្រភព ដើម្បីបន្តផ្ទេរហិរញ្ញវត្ថុទាំងនោះទៅសហរដ្ឋអាមេរិក ដោយជ្រកក្រោមអាជីវកម្មប្តូរប្រាក់ដែលគ្មានអាជ្ញាប័ណ្ណ។ ប្រតិបត្តិការប្តូរប្រាក់របស់ពួកគេត្រូវបានបញ្ជូនពីក្រុមឧក្រិដ្ឋជននៅប្រទេសមីយ៉ាន់ម៉ា ជាប្រភេទរូបិយប័ណ្ណឌីជីថល (USDT)។

មន្ត្រី​ជំនាញប្រឆាំងការសម្អាតប្រាក់ និងនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងភស្តុតាងដែលអាចជឿជាក់បាន សមត្ថកិច្ចវាយតម្លៃបានថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពដោយមានឈ្មោះ MA ZHONGWEI ត្រូវជាបងប្រុសរបស់ជនសង្ស័យ សុខ ហេង គឺជាអ្នករៀបចំ ហើយត្រូវបានអាជ្ញាធរនៅប្រទេសថៃចាប់ខ្លួនពីបទសម្អាតប្រាក់ និងបានបញ្ជូនខ្លួនទៅប្រទេសចិន ដើម្បីអនុវត្តទោសកាលពីឆ្នាំ២០២៣ ហើយជនសង្ស័យ សុខ ហេង បានបន្តប្រតិបត្តិការសម្អាតប្រាក់​នេះ រហូតដល់ពេលចាប់ខ្លួន។ 

ជនសង្ស័យទាំង ០២នាក់ បានធ្វើសកម្មភាពសម្អាតប្រាក់ ដោយមានរចនាសម្ព័ន្ធច្បាស់លាស់ និងមានបណ្តាញស្ថិតនៅប្រទេសមីយ៉ាន់ម៉ា​ ហុងកុង ថៃ សហរដ្ឋអាមេរិក ដោយប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងជ្រកកោន ដើម្បីទទួលបានផលពីបទល្មើសផ្សេងៗរបស់ក្រុមឧក្រិដ្ឋជន នៅប្រទេសមីយ៉ាន់ម៉ា ដោយពួកគេជាអ្នកសម្អាតប្រាក់ទាំងនោះ រួចផ្ទេរបន្តទៅបក្ខពួករបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ា ហុងកុង សហរដ្ឋអាមេរិក និងប្រទេសថៃវិញ​។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖