ខេត្តកំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ វឌ្ឍនភាពលឿននៃការសាងសង់ប្រឡាយពង្វាងទឹកក្នុងរយៈពេលត្រឹម៦ខែ បង្ហាញពីស្មារតីសាមគ្គីគ្នាយ៉ាងល្អក្នុងជួររដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាប្រមាណ ៤០០លានដុល្លារដើម្បីសាងសង់ប្រឡាយរំដោះទឹកស្ទឹងព្រែកត្នោតនេះ ពោលគឺធំជាងគម្រោងធ្វើរចនាសម្ព័ន្ធផ្លូវថ្នល់ទៅទៀត ដោយសារប្រឡាយនេះជាតម្រូវការចាំបាច់ក្នុងការរំដោះទឹកជំនន់ និងរក្សាទឹកទុកសម្រាប់បម្រើដល់ការងារស្រោចស្រព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឃនភាពនៃគម្រោងប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រពខេត្តតាកែវ កណ្ដាល និងរាជធានីភ្នំពេញ។
សម្តេចធិបតី បានថ្លែងបន្តថា ការសម្រេចបានការងារច្រើនបែបនេះក្នុងរយៈពេលត្រឹម៦ខែ គឺដោយសារមានការចូលរួមសហការពីក្រសួងធនធានទឹក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអាជ្ញាធរខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលបានចូលរួមធ្វើយ៉ាងសកម្មក្នុងការកសាងប្រព័ន្ធរំដោះទឹកនេះ។ សម្ដេចថា នេះគឺជាការប្រតិបត្តិការងារល្អប្រសើរគួរជាទីកត់សម្គាល់ក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រព័ន្ធទឹកដែលធ្លាប់តែគំរាមកំហែងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន។
សម្តេចធិបតី បញ្ជាក់ថា ៖ ចុះពិនិត្យវឌ្ឍនភាព គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្រ រាជធានីភ្នំពេញ ដែលសម្រេចបានប្រមាណ ៧៦% ។
គម្រោងប្រព័ន្ធដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និង ប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ ទ្វារទឹក (ក្បាលហុង) ចំនួន ១កន្លែង។
ការងារសាង សង់សំណង់ទ្វារទឹកនិងស្ដារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងឃុំរលាំងចក ខេត្តកំពង់ស្ពឺ ដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ២)ការងារសាងសង់ស្ថានីយបូមទឹកសាក់សំពៅក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញដែលមានសំណង់អគារកម្ពស់ ៨ម៉ែត្រ និងទទឹង ២៧ម៉ែត្រ មានក្បាលបូម ៦គ្រឿង និង ៣)ការងារ ស្តារប្រឡាយព្រែកហូរ ប្រវែង ៧,២គីឡូម៉ែត្រនៃគម្រោងប្រព័ន្ធស្រោចស្រពនិងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល៕
ដោយ ៖ សិលា