ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ២០២៤ ក្រោមប្រធានបទ «ខួប ២០ឆ្នាំ នៃការបរិច្ចាគឈាម សូមអរគុណសប្បុរសជនបរិច្ចាគឈាម»

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៦៧៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ សាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ២០២៤ ក្រោមប្រធាន បទ «ខួប ២០ឆ្នាំ នៃការបរិច្ចាគឈាម សូមអរគុណសប្បុរសជនបរិច្ចាគឈាម»  ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ជារៀងរាល់ឆ្នាំ បន្ទាប់ពីសន្និបាតអង្គការសុខភាពពិភពលោកលើកទី៥៨ ក្នុងឆ្នាំ២០០៥ ដែលក្នុងពេលនោះរដ្ឋមន្រ្ដីក្រសួងសុខាភិបាលនៃប្រទេសលើពិភពលោកបានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទលើដំណោះស្រាយWHA58.13 បង្កើតទិវាពិភពលោក នៃអ្នកបរិច្ចាគឈាមជារៀងរាល់ឆ្នាំតរៀងមក ហើយឆ្នាំនេះគឺជា ខួបលើកទី២០ នៃទិវាពិភពលោកនៃអ្នក បរិច្ចាគឈាម។ 

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីជាការតបបស្នងការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខភាពសុខុមាលភាពប្រជាពលរដ្ឋគ្រប់រូប ក្រសួង សុខាភិបាលបានជំរុញ ឱ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាម មជ្ឈមណ្ឌលផ្តល់ឈាមខេត្ត៖

  បង្កើនយុទ្ធនាការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការបរិច្ចាគឈាមស្ម័គ្រចិត្ត ជាពិសេសពីក្នុងចំណោមយុវជន និងលើកកម្ពស់វរប្បធម៌នៃការបរិច្ចាគឈាមទៀងទាត់ ដោយបង្កើតជាក្រុមអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តនៅក្នុងសហគមន៍

  បន្តរៀបចំប្រារព្ធទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមជារៀងរាល់ឆ្នាំ ដើម្បីថ្លែងអំណរគុណជាអនេកកប្បការជូនដល់សប្បុរសជនបរិច្ចាគឈាមគ្រប់រូប តាមគ្រប់រូបភាព និងមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន អង្គការ សមាគម វិស័យឯកជន សប្បុរសជន ។ល។

  ធ្វើនវានុវត្តន៍បច្ចេកវិទ្យា ក្នុងសេវាកម្មទទួលអំណោយឈាម និងផ្គត់ផ្គង់ឈាម សមាសភាពឈាម ឱ្យបានគ្រប់គ្រាន់ គាំទ្រដល់សេវាព្យាបាល និងថែទាំជំងឺនៅគ្រប់មន្ទីរពេទ្យ មាននិរន្តរភាព សុវត្ថិភាព ក្នុងគ្រប់កាលៈទេសៈ។

ការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ជាការជួយសង្រ្គោះជីវិតមនុស្ស ហើយមានមនុស្សរាប់លាននាក់បានធ្វើ អំណោយឈាម តាមរបាយការណ៍របស់អង្គការ សុខភាពពិភពលោក មានអំណោយឈាមប្រមាណ ១១៨.៥លានប្លោក នៅទូទាំងពិភពលោកក្នុងមួយឆ្នាំ។ នៅព្រះរាជាណាចក្រកម្ពុជា យើងទទួលបានអំណោយឈាមចំនួន ១៤៣,១៤៣ប្លោក ក្នុងឆ្នាំ២០២៣ កើនឡើង ២៥.០៥% ច្រើនជាងអំណោយឈាមក្នុងឆ្នាំ២០២២ ចំពោះការផ្គត់ផ្គង់ឈាម និងសមាសភាពឈាមមានចំនួន ១៤៩,២៧៤ប្លោកកើនឡើង២៩.៨១% ច្រើនជាងឆ្នាំ២០២២។

 

ឆ្លៀតក្នុងឱកាសនោះ សាស្រ្ដាចារ្យរដ្ឋមន្ត្រីក្រសួង សុខាភិបាល សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឋានៈសម្ដេចជានាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា នាពេលនោះ បានអំពាវនាវលើកទឹកចិត្ដជា បន្តបន្ទាប់ឱ្យប្រជាពលរដ្ឋ និងយុវជនចូលរួមបរិច្ចាគ ឈាមដោយស្ម័គ្រចិត្ត និងសូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះការគាំទ្រយុទ្ធនាការលើកកំពស់ការបរិច្ចាគឈាមដោយ ស្ម័គ្រចិត្ត តាមរយៈសាខាកាកបាទក្រហមកម្ពុជា រាជធានី ខេត្ត។ សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាសប្បុរសជនបរិច្ចាគឈាមទៀតទាត់ជាគំរូសម្រាប់ យុវជន កងទ័ព និងប្រជាពលរដ្ឋទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្តេចបានចាត់ទុក «ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រលាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា»។

ដើម្បីធានាភាពជាម្ចាស់ការក្នុងការផ្គត់ផ្គង់ឈាម និងផលិតផលឈាម ឆ្លើយតបទៅតាមសេចក្តីត្រូវការរបស់អ្នកជំងឺបានគ្រប់ពេលវេលា សាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ យុវជន យុវនារី បន្តចូលរួមបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងនៅតាមមជ្ឈមណ្ឌលផ្តល់ឈាមខេត្តទាំង២៤ទៀត និងតាមក្រុមចល័តចុះទទួលអំណោយឈាម នៅតាមស្ថាប័ន អង្គភាព សកលវិទ្យាល័យ វិទ្យាល័យ ក្រុមហ៊ុនឯកជន ឱ្យបានច្រើនកុះករបន្ថែមទៀត និងសូមបន្ដគាំទ្រដល់សេវាកម្មជាតិផ្ដល់ឈាមរបស់យើង ដើម្បីឧត្ដមប្រយោជន៍មនុស្សធម៌ និងការជួយជីវិតមនុស្ស។ អ្នកផ្តល់ឈាម គឺជាវីរៈបុរស ហើយការផ្តល់ឈាមគឺជាការជួយសង្រ្គោះជីវិត ផ្តល់ជីវិត ផ្តល់ការស្រឡាញ់ និងការសាមគ្គី។ 

ក្នុងឱកាសនោះដែរសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូនលិខិតថ្លែងអំណរគុណជូនដល់ក្រុមហ៊ុន ដែលតែងតែសហការគាំទ្រកន្លងមកក្នុងយុទ្ធនាការផ្តល់ឈាម និងជូនពាន ដល់អ្នកបរិច្ចាគឈាមជាប្រចាំ ពោលគឺ ៤ដងក្នុងមួយឆ្នាំ សម្រាប់បុរស និង៣ដងក្នុងមួយឆ្នាំ សម្រាប់ស្រ្តី ព្រមទាំងមេដាយជាការលើកទឹកចិត្តដល់អ្នក បរិច្ចាគឈាមជាប្រចាំផងដែរ។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោក សុះ មុះសិន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងលោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងក្រសួងយុត្តិធម៌ ក្រសួង ផែនការ ក្រសួងរ៉ែ និងថាមពល កាកបាទក្រហមកម្ពុជា អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងក្រុមហ៊ុនវ័នហ្វ្រេតធើនីធី ក្រុមហ៊ុន ស៊ីភី ខេមបូឌា និងធនាគារ លីហួរ ព្រមទាំងមន្រ្តីរាជការ សិស្ស និស្សិត និងអ្នក ចូលរួមបរិច្ចាគឈាម៕

ដោយ៖ សូរិយា


ចែករំលែក៖