ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ខួប៦២ឆ្នាំ តុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ​ ១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ នៅថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ គឺជាខួប៦២ឆ្នាំ តុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ​ ១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២៤។ 

គួររម្លឹកថា​ សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហារ រហូតដល់យើងបានចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ថ្ងៃ ​៧​កក្កដា ឆ្នាំ​២០០៨។

សូមជម្រាបជូនថា​ ខួប៦២ឆ្នាំ (១៥ មិថុនា ១៩៦២​ -១៥ មិថុនា ២០២៤) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ ពោលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។ ជម្លោះទាក់ទងនឹងប្រាសាទព្រះវិហារបានចាប់ផ្ទុះឡើងខ្លាំង នៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង។ ថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធជាច្រើន ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។

សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះវិហារ និងដេញកងកម្លាំងប្រដាប់អាវុធរបស់ថៃ ឱ្យចាកចេញពីប្រាសាទព្រះវិហារ។

ក្រោយពីដំណើរការតាមផ្លូវទូតត្រូវទទួលបរាជ័យ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេ នៅថ្ងៃទី៦ តុលា ឆ្នាំ១៩៥៩ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទព្រះវិហារ។

នៅក្នុងការជំនុំជម្រះលើអង្គសេចក្ដីនោះ កម្ពុជា និងថៃ បានលើកបង្ហាញទឡ្ហីកររៀងៗខ្លួន ដើម្បីទាមទារជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។ កម្ពុជា បានលើកយកផែនទីដងរែក (ផែនទីឧបសម្ព័ន្ធទី១) ដែលជាផែនទីកើតចេញពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ មកធ្វើជាមូលដ្ឋានច្បាប់។ តាមរយៈបន្ទាត់ព្រំដែន នៅក្នុងផែនទីឧបសម្ព័ន្ធទី១នេះ បង្ហាញថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា។

រីឯថៃវិញ បានលើកឡើងនូវទឡ្ហីករណ៍មួយចំនួន ដើម្បីច្រានចោលខ្សែបន្ទាត់ព្រំដែន ក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលកម្ពុជាបានលើកឡើងនោះ។ ថៃបានលើកហេតុផលថា ខ្សែបន្ទាត់ព្រំដែននៅក្នុងផែនទីនេះ ខុសពីអ្វីដែលបានចែងក្នុងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤។ ថៃអះអាងថា យោងតាមមាត្រា ១ នៃសន្ធិសញ្ញានេះ សៀម និងបារាំង បានព្រមព្រៀងគ្នាថា ខ្សែបន្ទាត់ព្រំដែននៅតំបន់ដងរែក គឺត្រូវយកតាមខ្សែបែងចែកផ្លូវទឹក។ ភាគីថៃយល់ថា បើមើលទៅលើដីជាក់ស្តែង ខ្សែបែងចែកផ្លូវទឹក គឺស្ថិតនៅខាងត្បូងប្រាសាទព្រះវិហារ។ ដូច្នេះប្រាសាទព្រះវិហារត្រូវស្ថិតនៅក្នុងទឹកដីថៃ។

ទោះបីភាគីថៃ បានតវ៉ាយ៉ាងនេះក្តី ទីបំផុតទៅក្នុងសាលដីកាឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានច្រានចោលការលើកឡើងរបស់ភាគីថៃ។ បើតាមតុលការក្រុងឡាអេ មាត្រា១ នៃសន្ធិសញ្ញា ឆ្នាំ១៩០៤ បានចែងកំណត់យកខ្សែបែងចែកផ្លូវទឹកធ្វើជាព្រំដែនពិតមែន ក៏ប៉ុន្តែ នៅក្នុងមាត្រា៣ នៃសន្ធិសញ្ញាដដែលនេះ ចែងថា ការកំណត់ខ្សែបន្ទាត់ព្រំដែនពិតប្រាកដ នឹងត្រូវធ្វើឡើងដោយគណៈកម្មការចម្រុះបារាំង-សៀម។

បើនិយាយពីតំបន់ដងរែក ខ្សែបន្ទាត់ព្រំដែន ដែលកើតចេញពីការងាររបស់គណៈកម្មការចម្រុះបារាំង-សៀម គឺមានតែមួយគត់ គឺខ្សែបន្ទាត់ព្រំដែន នៅក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលកម្ពុជាបានលើកយកមកធ្វើជាសំអាង។ ដូច្នេះគេមិនចាំបាច់ស្វែងរកទីតាំងខ្សែបែងចែកផ្លូវទឹកអ្វីនោះទេ។

យោងតាមហេតុផលទាំងនេះ តុលាការទីក្រុងឡាអេ បានកំណត់ថា តំបន់ប្រាសាទព្រះវិហារ ព្រំដែនស្របច្បាប់រវាងកម្ពុជា និងថៃ គឺខ្សែបន្ទាត់ព្រំដែន ដែលមានគូសនៅលើផែនទីឧបសម្ព័ន្ធទី១។ តាមរយៈខ្សែបន្ទាត់ព្រំដែននេះ តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេបានសម្រេចសេចក្តីថា៖ ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា, ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា និងថៃត្រូវប្រគល់នូវរាល់វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤ មកឱ្យកម្ពុជាវិញ៕

ដោយ៖ តារា


ចែករំលែក៖