ក្រសួងហិរញ្ញវត្ថុវៀតណាមបានស្នើឱ្យដំឡើងពន្ធជាពិសេសលើផលិតផលភេសជ្ជៈមានជាតិអាល់កុលដល់ 100 ភាគរយនៅឆ្នាំ 2030 ដែលជាវិធានការមួយដែលអាចប៉ះពាល់ដល់ឧស្សាហកម្មភេសជ្ជៈរបស់ប្រទេសខ្លួន។
យោងតាមសេចក្តីព្រាងសំណើដែលកំពុងរង់ចាំការអនុម័តពីសមាជិកសភា ពន្ធលើការប្រើប្រាស់ពិសេសលើស្រាបៀរ និងស្រាខ្លាំង នឹងត្រូវដំឡើងដល់ 70 ភាគរយ ទៅ 80 ភាគរយនៅឆ្នាំ 2026 ហើយនឹងកើនឡើងបន្តិចម្តងៗដល់ 90 ភាគរយទៅ 100 ភាគរយនៅឆ្នាំ 2030 បើធៀបនឹង បច្ចុប្បន្នមាន ៦៥ ភាគរយរួចទៅហើយ។
ក្រសួងហិរញ្ញវត្ថុបាននិយាយនៅក្នុងសំណើនេះថា “តម្លៃភេសជ្ជៈ និងស្រាបៀរនឹងកើនឡើង 20 ភាគរយនៅឆ្នាំ 2026 ធៀបនឹងឆ្នាំ 2025” ដោយបន្ថែមថាតម្លៃនឹងបន្តកើនឡើងពី 2 ភាគរយទៅ 3 ភាគរយអាស្រ័យលើអតិផរណា។ ការយកអត្រាពន្ធខ្ពស់គឺចាំបាច់ដើម្បីជួយកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង»។
ឧស្សាហកម្មស្រាបៀររបស់ប្រទេសវៀតណាមបានរងការវាយប្រហារយ៉ាងខ្លាំង ដោយច្បាប់ស្តីពីការបើកបរគ្រឿងស្រវឹងដ៏តឹងរឹងរបស់ប្រទេស ដោយកម្រិតឲអ្នកបើកបរមានជាតិអាល់កុលសូន្យ ចាប់តាំងពីឆ្នាំ 2019 មក។
កាលពីឆ្នាំមុន ប្រាក់ចំណូលពីឧស្សាហកម្មស្រាបៀរបានធ្លាក់ចុះ ១១ ភាគរយ ហើយប្រាក់ចំណេញបានធ្លាក់ចុះ ២៣ ភាគរយ នេះបើតាមការប៉ាន់ប្រមាណរបស់សមាគមស្រាបៀរ – អាល់កុល និងភេសជ្ជៈ ៕
ដោយ៖ ភារៈ