ភ្នំពេញ ៖ រូបភាពគ្រឿងចក្រកប៉ាល់នេះត្រូវបានផ្សព្វផ្សាយតៗគ្នានៅប៉ុន្មានថ្ងៃមកនេះ ដោយគ្មានប្រភពត្រឹមត្រូវ និងផ្លូវការនោះទេ។ គ្រឿងចក្រសម្រាប់ដំណើរការជីកព្រែកជីក «ហ្វូណន-តេជោ» នឹងត្រូវតាំងបង្ហាញ និងប្រកាស នៅថ្ងៃសម្ពោធបើកការដ្ឋានផ្លូវការ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះជាការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
លោកបន្តថា ៖ សូមមេត្តាកុំចែកចាយបន្ត ព័ត៌មាន និងរូបភាព គម្រោងផ្លូវនាវាចរ«ព្រែកជីកហ្វូណន-តេជោ»ដែលគ្មានប្រភពច្បាស់លាស់ និងមិនផ្លូវការ នាំឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណមតិ ខណៈគ្រឿងចក្រសម្រាប់ដំណើរការជីកព្រែកជីក «ហ្វូណន-តេជោ» នឹងត្រូវតាំងបង្ហាញ និងប្រកាស នៅថ្ងៃសម្ពោធបើកការដ្ឋានផ្លូវការ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា ៖ លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះអំពីរូបភាព នៃពិធីក្រុងពាលី សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី រុះរើ កាយគាស់ រៀបចំកន្លែងត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរ«ព្រែកជីកហ្វូណន-តេជោ» ដែលគ្រោងធ្វើនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ ពិធីនេះបានធ្វើឡើងនៅចំណុចព្រែកតាកែវស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។
នៅទីបំផុតទៅគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញពេលវេលាជាក់លាក់ក្នុងការបើកការដ្ឋានជីកព្រែកហើយជាផ្លូវការ ពោលគឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ដែលនឹងចំថ្ងៃខួបកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។
យើងដឹងហើយថាគម្រោងនេះគ្រោងនឹងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លារអាមេរិក ដែលមានប្រវែង១៨០គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
ដូច្នេះថាតើ ព្រែកជីកហ្វូណនតេជោ ផ្ដល់អត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ច និងនយោបាយកម្ពុជា។
ឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ!
ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។
ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។
ទី៣- ទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។
ទី៤- ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
ទី៥- តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។
ទី៦- ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ម៉ែត្រ)
ចំពោះហេដ្ឋារចនាសម្ព័ន្ធ៖ សន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤។
អត្ថប្រយោជន៍៖ កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕
ដោយ ៖ សិលា