ភ្នំពេញ ៖ តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានថ្លែងថា ៖ ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាអាទិភាពមួយនៃ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩មក ទន្ទឹមនឹងការស្តារនិងអភិវឌ្ឍ ប្រទេសជាតិពីបាតដៃទទេ។ កត្តាសុខសន្តិភាពពេញលេញដែលទទួលបានពីការដាក់ចេញ និងអនុវត្តដោយ ជោគជ័យទាំងស្រុងនៃនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ព្រមជាមួយនឹងការដាក់ ចេញនូវកម្មវិធីកំណែទម្រង់មុតស្រួចស៊ីជម្រៅនានាជាប់ជាប្រចាំ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រា ខ្ពស់ជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ រយៈពេលជាង ២ទសវត្សរ៍ មុនផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពី ការរីករាលដាលជំងឺកូវីដ-១៩ សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ភាពស្រុតចុះនៃទំនុកចិត្តវិនិយោគនិងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចអឺរ៉ុប សហរដ្ឋអាម៉េរិក និងចិន។ ទន្ទឹមនឹងនេះ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងស្ថានភាពទីផ្សារការងារនៅកម្ពុជា ក៏កាន់តែមានភាពរីកចម្រើន និងមានលក្ខណៈល្អប្រសើរឡើងជាបន្តបន្ទាប់។ ក្នុងបរិការណ៍ប្រជាសាស្ត្រអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចហៅថា “ភាគលាភប្រជាសាស្ត្រ» ដែល កម្ពុជាមានប្រជាជនក្នុងវ័យធ្វើការចំនួន ៦២% រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញតាមតម្រូវការទីផ្សារការងារ ដែលទាមទារឱ្យកម្ពុជាត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ខណៈចំនួនប្រជាជនស្ថិតនៅក្នុងវ័យបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានអាយុពី១៥ ទៅ២៤ឆ្នាំ កំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ក្នុងចន្លោះឆ្នាំ២០២៣-២០២៨។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ជាមួយការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធី គោលនយោបាយអាទិភាពក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនគោលដៅមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្រ បច្ចេកទេសនិងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ ដែលកម្មវិធី នេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។ ដោយឡែក យុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិត ក៏អាចចូលរៀនក្នុងកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះដោយមិនបង់ថ្លៃផងដែរ ដើម្បីចាប់យកជំនាញមួយពិតប្រាកដមុន ចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញរបស់ខ្លួន។
សម្តេចធិបតីលើកឡើងថា ៖ តាមរយៈកម្មវិធីនេះ យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិត នឹងមានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើ ការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវ ស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់នៃ ភាពក្រីក្រ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទី៣ របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង ១០% និងទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតអប្បបរមា។
សម្តេចបន្តថា ៖ ការដាក់ចេញនូវកម្មវិធីគោលនយោបាយពាក់ព័ន្ធ និងការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បាននិងកំពុងជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មពឹងផ្អែកលើជំនាញ ព្រមទាំងពង្រឹងភាពប្រកួតប្រជែង ធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន សំដៅចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាទៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ៕
ដោយ ៖ សិលា