ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីលោក Xi Jinping ដាស់តឿនមន្ត្រីចិនថា៖ចាំបាច់ត្រូវខិតខំរៀនសូត្រ

ចែករំលែក៖

អន្តរជាតិ ៖ « អ្នកសិក្សាមិនប្រាកដថាត្រូវធ្វើជាមន្ត្រី តែធ្វើជាមន្ត្រីចាំបាច់ត្រូវខិតខំសិក្សា» ប្រយោគចិនមួយនេះដកស្រង់ពីសៀវភៅបុរាណ «XUNZI» ដែលមានប្រវត្តិសាស្ត្រជាង២៣០០ឆ្នាំមកហើយ។ នេះយោងតាម គេហទំព័រ «CCFR China state-controlled media » បានផ្សាយ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ។
លោក Xi Jinping ធ្លាប់ប្រើប្រយោគនេះលើកទឹកចិត្តដល់អ្នកដឹកនាំបក្ស កម្មាភិបាលបក្សនិងសិស្សនិស្សិតនិងយុវជនចិន ត្រូវបន្តសិក្សារៀនសូត្រ ខិតខំតស៊ូដោយឥតឈប់ឈរ ដើម្បីបន្តលើកកម្ពស់សមត្ថភាពនិងគុណភាពនៃការងារ។
លោក Xi Jinping ធ្លាប់និទានរឿងខ្លីមួយ៖ នៅសម័យសង្គ្រាមធ្វើបដិវត្ត កម្មាភិបាលបក្សនិងទាហានយើងជាច្រើននាក់កម្រិតអប់រំមិនខ្ពស់នោះទេ អ្នកខ្លះមិនចេះអក្សរទៀត ប៉ុន្តែ ដើម្បីបំពេញភារកិច្ចឱ្យបានល្អ ពួកគេបានឆ្លៀតពេលសិក្សាបន្ថែម។ នៅក្នុងមហាដំណើរ ទាហានកងទ័ពក្រហមបានបិទអក្សរលើខ្នង ដើម្បីឱ្យអ្នកតម្រង់ជួរនៅពីក្រោយរៀនអក្សរនោះផងនៅពេលដើរធ្វើដំណើរ។បច្ចុប្បន្ន លក្ខខណ្ឌនៃការសិក្សារបស់យើងល្អជាងកាលមុនច្រើនណាស់ បើនៅតែមិនខិតខំសិក្សារៀនសូត្រឱ្យបានច្រើន នោះគឺគួរឱ្យស្ដាយណាស់។
ក្នុងសម័យនគរទាំងបី ស៊ុន ឈាន គិតថា លី មឹង អាចទទួលបន្ទុកការងារធំបាន ដូចនេះបានផ្តាំផ្ញើគាត់ឱ្យខំប្រឹងសិក្សារៀនសូត្រ។ ប៉ុន្តែ លី មឹងបដិសេធដោយលេសថាគាត់រវល់នឹងកិច្ចការយោធា។ ស៊ុន ឈាន បាននិយាយថា ទោះរវល់យ៉ាងណាក្តី តើអ្នករវល់ជាងខ្ញុំទេ? ខ្ញុំមិនមានន័យថាឱ្យអ្នកទៅរៀនឱ្យចេះខ្ទេចចេះខ្ទីនោះទេ គឺគ្រាន់តែចង់ឱ្យសិក្សាត្រួសៗ ហើយអាចក្រេបជញ្ជក់ប្រាជ្ញាពីក្នុងបទពិសោធន៍មនុស្សជំនាន់មុនៗប៉ុណ្ណោះ។ លី មឹង បានធ្វើតាមដំបូន្មាន ក្រោយមកការនិយាយស្ដីនិងទេពកោសល្យរបស់គាត់បានធ្វើឱ្យ លូ ស៊ូ ភ្ញាក់ផ្អើលជាខ្លាំង។ នេះហើយជាប្រភពនៃឃ្លាប្រយោគដែលថា «បែកគ្នា៣ថ្ងៃ មានការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើល» ដែលជារឿងនិទានមួយបង្ហាញពីសារៈសំខាន់នៃការសិក្សា៕

ដោយ ៖ សិលា


ចែករំលែក៖