ខេត្តពោធិ៍សាត់ ៖ ស្រ្ដីជាម្ដាយ និងកូនប្រុសកំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ដោយសារគ្រោះធម្មជាតិ(រន្ទះបាញ់)ខណៈគាត់អង្គុយបំបៅកូននៅក្រោមផ្ទះ គ្រាដែលមេឃកំពុងធ្លាក់ភ្លៀង ។
ហេតុការណ៍គ្រោះធម្មជាតិ(រន្ទះបាញ់)បណ្ដាលឲ្យម្ដាយនិងកូនប្រុសរងរបួសខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណ៣ និង៣០នាទី រសៀលថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ ត្រង់ចំណុចក្រោមផ្ទះជនរងគ្រោះ ស្ថិតនៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកភ្នំក្រវាញបានឲ្យដឹងថា ស្រ្ដីជាម្ដាយរងរបួសឈ្មោះ កូវ ម៉យ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំកើតហេតុ និងកូនប្រុសរងរបួសដែរឈ្មោះ ណាក់ ណុច អាយុ ១០ខែ ។ បច្ចុប្បន្ន ស្រ្ដីជាម្ដាយរងរបួស និងកូនប្រុស ស្ថិតនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញនៅឡើយ ប៉ុន្តែបានធូស្រាលច្រើនហើយ ។
សេចក្ដីរាយការណ៍ឲ្យដឹងទៀតថា មូលហេតុស្រ្ដីរងរបួសគាត់អង្គុយបំបៅកូនប្រុសលើគ្រែក្រោមផ្ទះ នៅគ្រាដែលមេឃកំពុងធ្លាក់ភ្លៀង និងខ្យល់ ផ្គរ ខ្លាំងៗ ខណៈនោះក៏មានភ្នែកបន្ទោល និងរន្ទះបាញ់តែម្ដង បណ្ដាលឲ្យម្ដាយ និងកូនប្រុសដួលសន្លប់ស្ដូកស្ដឹងរដូករណ្ដេល ត្រូវបានក្រុមគ្រួសារសាច់ញាតិបញ្ជូនទៅសង្រ្គោះភ្លាមៗ នេះអាចនិយាយបានថាសំណាង១ក្នុងមួយពាន់គ្រោះថ្នាក់ហើយ ៕
ដោយៈ ប៉ឹម ពិន