ភ្នំពេញ ៖ ក្មេងទំនើងមួយក្រុមបានលើកបក្ខពួក នាំគ្នាជិះ ម៉ូតូ មកវាយ ក្មេងស្ទាវ មួយក្រុម កំពុងតែអង្គុយ ហូបអី បណ្ដាលឱ្យភ្ញាក់ផ្អើល អ្នកលក់ដូរ រត់គេច បាតជើង សព្រាត ហើយ នៅសល់ម៉ូតូ១គ្រឿង ត្រូវបាន ភាគីម្ខាង ទៀត វាយកម្ទេចម៉ូតូ ខូចខាតទាំងស្រុង ។
ហេតុការណ៍ នេះ បានកើតឡើងនៅវេលាទាបភ្លឺ ឈាន ចូល ថ្ងៃ ទី ១៨ ខែ មិថុនា ឆ្នាំ ២០២៤ស្ថិត តាម បណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី ជាប់របងព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ ចំណុច ភូមិ ព្រៃទា សង្កាត់ ចោមចៅ៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពាក់ព័ន្ធក្នុងករណីនេះ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅយប់ថ្ងៃទី១៨ ខែមិថុនា ឱ្យដឹងថា , ក្រោយពីបទល្មើសនេះបានកើតឡើង សមត្ថកិច្ចខណ្ឌ នៅទីកន្លែងកើតហេតុ នៃបទល្មើស និងសមត្ថកិច្ច នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការគ្នា និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធតាមដែនដីផ្សេងទៀត មកដល់ពេលនេះយើងបានកំណត់មុខសញ្ញា ឈានទៅដល់ការចាប់ឃាត់ខ្លួន ក្មេងទំនើងដែលវាយប្រហារ ពោលគឺបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន ដោយចេតនា កាប់ទៅលើម៉ូតូភាគីម្ខាងទៀត។
លោកបណ្ឌិតបន្តថា, សមត្ថកិច្ចកំពុងតែបន្តក្រសោបនូវមុខសញ្ញា និងមុខសញ្ញាដទៃផ្សេងៗទៀត ចំពោះព័ត៌មានលម្អិតលោកនឹងផ្ដល់ជូនដល់អ្នកសារព័ត៌មាន ក៏ដូចជាមហាជនទូទៅ បន្ទាប់ពីលោកឧត្តមសេនីយ៍ឯកស្នងការនគរបាលរាជធានីភ្នំពេញបញ្ចប់ក្នុងកិច្ចការនេះ ៕
ដោយ ៖ សិលា