សារព័ត៌មាន AFP នាថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា នាថ្ងៃអង្គារនេះ យានអវកាសចិន ដែលផ្ទុកគំរូតាងប្រមូលយកមកពីតំបន់នៃផ្ទៃព្រះចន្ទ ដែលមិនបែរមករកផែនដី ឬហៅថា far side of the Moon បានវិលត្រឡប់មកដល់ភពរបស់យើងវិញ ដោយសុវត្ថិភាព។
ទីភ្នាក់ងារអវកាសចិន CNSA បាននិយាយថា យាន Chang’e-6 បានចុះមកដល់ទីតាំងដែលត្រូវបានកំណត់ទុកមួយ នៅតំបន់ Inner Mongolia នាវេលាម៉ោង២៖០៧នាទីរសៀល ហើយបេសកកម្មនេះ ទទួលបានជោគជ័យទាំងស្រុង ដោយវាបាននាំយកមកនូវកម្ទេចដីនិងថ្មពីចំហៀងផ្ទៃរបស់ព្រះចន្ទ ដែលពុំសូវមានការសិក្សាស្រាវជ្រាវ ពីមុនមកឡើយ។ បេសកកម្ម Chang’e-6 ត្រូវបានបញ្ជូនចេញពីភពផែនដី កាលពីថ្ងៃទី៣ ខែឧសភា ហើយមួយខែក្រោយមក វាបានចុះទៅយកគំរូតាងនៅតំបន់ South Pole-Aitken Basin នៃចំហៀង far side របស់ព្រះចន្ទ។ រាប់ចាប់តាំងពីដើមរហូតដល់ចប់ បេសកកម្ម Chang’e-6 មានរយៈពេលសរុប៥៣ថ្ងៃ។
គួរបញ្ជាក់ថា អំឡុងអាណត្តិដឹកនាំរបស់ប្រធានាធិបតី លោក ស៉ី ជីនពីង ប្រទេសមហាយក្សអាស៉ីមួយនេះ បានផ្តោតធនធានយ៉ាងច្រើនសម្បើម ទៅក្នុងកម្មវិធីអវកាសរបស់ខ្លួន ជាមួយការកំណត់គោលដៅមហិច្ឆតាធំៗ ដើម្បីតាមឱ្យទាន់ប្រទេសមហាអំណាចអវកាស ដូចជាអាមេរិក និងរុស្ស៉ី ជាដើម។ មកទល់ពេលនេះ ចិនបានសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួន, បញ្ជូនយានរ៉ូបូតទៅដល់លើផ្ទៃព្រះចន្ទ និងភពអង្គារ ហើយជាប្រទេសទី៣ លើពិភពលោក ដែលមានសមត្ថភាពនាំអវកាសយានិក ឡើងទៅកាន់គន្លងអវកាស ដោយខ្លួនឯង។
ពាក់ព័ន្ធកម្មវិធីឋានព្រះចន្ទ ចិនមានផែនការបញ្ជូនក្រុមអវកាសយានិក ទៅកាន់ផ្ទៃព្រះចន្ទឱ្យបាននៅត្រឹមឆ្នាំ២០៣០ ហើយទីបំផុតគ្រោងសាងសង់មូលដ្ឋានមួយ នៅទីនោះថែមទៀត។ ចំណែក សហរដ្ឋអាមេរិក ក៏មានផែនការនាំយកអវកាសយានិក ត្រឡប់ទៅដល់លើផ្ទៃព្រះចន្ទ សាជាថ្មីម្តងទៀតផងដែរ នៅឆ្នាំ២០៣៦ តាមរយៈបេសកកម្ម Artemis 3៕ ដោយ៖ ធីរីណា
រូបថត៖ Sputnik