ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីសងសឹក ដោយបិទប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបចំនួន៨០

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ រុស្ស៉ីបាននិយាយថា ខ្លួននឹងធ្វើការបិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហភាពអឺរ៉ុប (EU) រួមមានទាំងវេបសាយរបស់ AFP ផងដែរ ខណៈវាជាចំណាត់ការឆ្លើយតបវិញចំពោះការដាក់បម្រាមផ្សព្វផ្សាយរបស់ EU មកលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីមួយចំនួន កាលពីខែឧសភាកន្លងទៅ។
ក្រៅពី AFP គឺរួមមានប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបដទៃទៀត ដូចជា Le Monde របស់បារាំង, Der Spiegel របស់អាល្លឺម៉ង់, El Mundo របស់អេស៉្បាញ និង RAI របស់អ៉ីតាលី ជាដើម ព្រមទាំងវេបសាយសារព័ត៌មានឌីជីថល Politico ដែលមានមូលដ្ឋាននៅអាមេរិក។ បើតាមបញ្ជីដែលចេញផ្សាយ ដោយក្រសួងការបរទេសរុស្ស៉ី វេបសាយប្រព័ន្ធផ្សព្វផ្សាយចំនួន៨១ នៅប្រទេស EU សរុប២៥ កំពុងស្ថិតក្រោមដំណើរការបិទខ្ទប់។ បម្រាមនេះ នឹងហាមឃាត់អ្នកដែលស្ថិតក្នុងប្រទេសរុស្ស៉ី មិនឱ្យអាចចូលមើលវេបសាយទាំងនោះបានឡើយ។
សេចក្តីប្រកាសខាងលើកើតមានឡើង បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់ចេញបម្រាមមួយ កាលពីខែឧសភាទៅលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីចំនួន៤ ដែលរងការចោទប្រកាន់ថា ស្ថិតក្រោមការគ្រប់គ្រងរបស់វិមានក្រឹមឡាំង។ EU បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានបម្រើជាឧបករណ៍ឃោសនា សម្រាប់សង្រ្គាមឈ្លានពានរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។ ចំណែកខាងរុស្សី បានចេញមុខថ្កោលទោសសកម្មភាពរបស់ EU ដោយចោទប្រកាន់ទៅវិញថា វាធ្វើឡើងដោយមានចេតនានយោបាយ៕ ដោយ៖ ធីរីណា

រូប​ថត​៖ CLO


ចែករំលែក៖