ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-UN និងបណ្តាប្រទេសMOU ចូលរួមទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តបកែវ (ត្រីកោណមាស)

ចែករំលែក៖

ប្រទេសឡាវ៖ ប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា នៅថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៤នេះ​ បានចូលរួមជាមួយUNODC និងបណ្តាប្រទេសហេត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គបានអញ្ជើញចូលរួមការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តបកែវ ប្រទេសឡាវ( ត្រីកោណមាស)។ 

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឱ្យដឹងថា ប្រតិភូប្រទេសMOUទាំងអស់បានចូលទស្សនាស្វែងយល់និងសម្ពោធដាក់ឱ្យដំណើរការនូវសារមន្ទីរគ្រឿងញៀន និងចូលរួមរត់ពាក់កណ្តាលមារ៉ាតុងដើម្បីបង្ហាញពីឆន្ទះរួមគ្នាយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រមូលស្មារតីមហាជនឱ្យរួមគ្នាស្អប់ខ្ពើម បដិសេធ ” ឆ្លើយថាទេចំពោះគ្រឿងញៀន”  ដែលតែងតែនាំមកនូវមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ 

លោក ខាំឃីង ភូឡាមុនីវង្ស អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណ: (ឡាវ) បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំតំណាងស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនពីបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ ទាំងអស់ និងតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មUNODC ដែលបានចូលរួមជាមួយប្រទេសឡាវក្នុងស្មារតីរួម ឆន្ទះតែមួយ ប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាសត្រូវរបស់យើងទាំងអស់គ្នា  ” រួមគ្នាធ្វើឱ្យជិវិត និងសហគមន៍គ្មានគ្រឿងញៀន “។ 

ពីការរត់ប្រណាំងនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:បានជម្រាបជូនថាកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងនេះទាញបានបេះដូងអ្នកចូលរួមច្រើនណាស់ផ្តល់ជូនពួកគាត់នូវការសប្បាយរីករាយ កីឡា សុខភាព និងការប្តេជ្ញាមិនទៅពាក់ព័ន្ធនឹងគ្រឿងញៀនទេ ហើយពួកគាត់នឹងជួយផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារគាត់ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖