ខេត្តកំពង់ឆ្នាំង៖ ស្រូវស្រែរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយដង្កូវហ្វូងនៅខេត្តកំពង់ឆ្នាំងត្រូវ បានជួយសង្រ្គោះបានល្អប្រសើរឡើងវិញជាង៩០%ហើយ។ ដង្កូវ ហ្វូងដែលបានបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករក្នុងចំនួន១៥នោះមានឈ្មោះវិទ្យាសាស្ត្រ ថា Spodoptera mauritia។
នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ខេត្តទាំង ១៥ ដែលមានដង្កូវហ្វូងកំពុងបំផ្លាញកសិផលនេះ រួមមាន ៖ ខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ធំ, ខេត្តក្រចេះ, ខេត្តព្រះវិហារ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្ត តាកែវ, ខេត្តប៉ៃលិន, ខេត្តត្បូងឃ្មុំ, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង, ខេត្តពោធិ៍ សាត់ និងខេត្តឧត្តរមានជ័យ ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានថ្លែងអំពីរបាយការណ៍វឌ្ឍនភាពវត្តមានដង្កូវហ្វូងកើតមានលើស្រូវស្រែរបស់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បនុ្ននៅសល់ ១៧ហិកតា កំពុងរងផលប៉ះពាល់លក្ខណៈជាដុំៗ និងតិចតួចតែប៉ុណ្ណោះ ។
នៅទូទាំងខេត្តកំពង់ឆ្នាំងបានធ្វើការដាំដុះដំណាំស្រូវបានចំនួន ១០ម៉ឺន ៩ពាន់ ៩២៦ហិកតា ស្មើនឹង ៨៣. ៩១% លើផែនការ ១៣ម៉ឺន ១ពាន់ហិកតា ។ ជាមួយគ្នានោះផងដែរ កន្លងមកដង្កូវហ្វូង បានបំផ្លាញដំណាំស្រូវលើផ្ទៃដីចំនួន ១៧៧ហិកតា ក្នុងស្រុកចំនួន៥ នៅខេត្តកំពង់ឆ្នាំង គឺស្រុកបរិបូរ ណ៍, កំពង់ត្រឡាច, រលាប្អៀរ, សាមគ្គីមានជ័យ និងស្រុកទឹកផុស ។
ដោយមានការអន្តរាគមន៍ជាបន្តបន្ទាប់ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឱម គឹមស៊ា, អគ្គនាយកដ្ឋានកសិកម្ម, មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត, មន្ត្រីកសិកម្មឃុំ, អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករផ្ទាល់មកដល់ពេលនេះបានល្អប្រសើរឡើងវិញចំនួន ១៦០ហិកតា។
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនិងសហការី បានចូលរួមចុះពិនិត្យផ្ទាល់នៅតំបន់ដែលរងផលប៉ះពាល់ពីការបំផ្លាញដង្កូវហ្វូង នៅឃុំ ជើងគ្រាវ ស្រុករលាប្អៀរ ដឹកនាំដោយរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឱម គឹមស៊ា និងប្រតិភូអមដំណើរ ៕
ដោយ៖ សូរិយា