ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១១

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស, ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិ ការកណ្តាល ព្រមជាមួយលោកប្រធាន,អនុប្រធានបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១១ ជូនដល់សិក្ខាកាម ដែលមន្រ្តីគណបក្សចំនួន ១៣៥នាក់ នៅវិមាន៧មករា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា វគ្គអប់រំនយោបាយកម្រិត២ ជំនាន់ទី១១ ដែលកំពុងចាប់ផ្តើមប្រព្រឹត្តទៅនេះ គឺស្របពេលដែលគណបក្ស ទើបបានប្រារព្ធខួបអនុស្សារីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជាយ៉ាងឧឡារិករួចមក។ ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលបន្តវេន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការបន្តការពារ និងអភិវឌ្ឍប្រទេសជាតិ ប្រកបដោយសមត្ថភាព ថាមភាព កិត្យានុភាព សក្តានុពល ដែលត្រូវបានទទួលនូវការអបអរសាទរពីសាធារណៈមតិជាតិ និងអន្តរជាតិ ។  

សម្តេចភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលមន្រ្តីដឹកនាំរបស់គណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក គឺជាគោលការណ៍ចម្បងរបស់គណបក្ស ប្រជាជនកម្ពុជាយើង ដែលតែងតែបានចាត់តាំងអនុវត្តនៅក្នុងគ្រប់ដំណាក់កាលនៃការតស៊ូរបស់គណបក្ស។សម្តេចភក្តីបន្តថា វគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១១ នាពេលនេះ សំដៅលើកកម្ពស់ការយល់ដឹងបន្ថែមទៀតជូនសិក្ខាកាមគ្រប់រូបអំពីទ្រឹស្តី គោលការណ៍ គោលនយោបាយ បទពិសោធន៍ និងការប្រតិបត្តិជាក់ស្តែងស្របតាមសំណូមពរការងាររបស់គណបក្ស និងសភាពការណ៍របស់ប្រទេសជាតិ ។ 

ទន្ទឹមនឹងនេះ វគ្គអប់រំនយោបាយនេះក៏ជាឱកាសដ៏មានតម្លៃផ្តល់ដល់មន្រ្តីយើងដែលមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្តផ្សេងៗគ្នា និងបណ្តាស្ថាប័នគណបក្សជុំវិញថ្នាក់កណ្តាល បានស្គាល់គ្នា បានផ្លាស់ប្តូរការយល់ដឹង និងបទពិសោធន៍ការងារជាមួយគ្នាទៅវិញទៅមកផងដែរ ហើយតាមរយៈនេះ ក៏នឹងធ្វើឱ្យចំណងមិត្តភាព សាមគ្គីភាពផ្ទៃក្នុងគណបក្សកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ៕

ដោយ៖ សូរិយា


ចែករំលែក៖