ខេត្តស្វាយរៀង៖ ជនជាតិនីហ្សេរីយ៉ាម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញផែនការងារប្រឆាំងគ្រឿងញៀនបញ្ជូនទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅស្រុកស្វាយទាប។
លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែន បានឱ្យអ្នកសារព័ត៌មានដឹងនៅរសៀលថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២៤នេះថា ជនសង្ស័យជាជនជាតិនីហ្សេរីយ៉ា ឈ្មោះ MADU DANIEL SOPURU អាយុ២៩ឆ្នាំ ។
ប្រភពបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិអូរតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសហការរវាងផែនជំនាញ នឹងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិនីហ្សេរីយ៉ា។
ប្រតិបត្តិការនេះសមត្ថកិច្ចជំនាញឃាត់ខ្លួនបានជនសង្ស័យនិងដកហូតយកវត្ថុតាង សារធាតុញៀនប្រភេទហេរ៉ូអុីន ទម្ងន់សុទ្ធ៦៩៥៤,៦៨ក្រាម, សារធាតុញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់សុទ្ធ២៨៦៨,០៩ក្រាម, លិខិតឆ្លងដែន១ក្បាល, ទូរស័ព្ទដៃ២គ្រឿង, កាបូបស្ពាយពណ៌ខ្មៅដាក់គ្រឿងញៀន១ផងដែរ ៕
ដោយ៖ សុថាន