ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរអគ្គិសនីកម្ពុជា៖ អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ នៅលើដំបូល ដោយពុំមានការអនុញ្ញាត សូមអញ្ជើញទៅដាក់ពាក្យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ 

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងស្ដីពីអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ នៅលើដំបូល ដោយពុំមានការអនុញ្ញាត សូមអញ្ជើញទៅដាក់ពាក្យប្រកាសអំពីការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ចំពោះការប្រើប្រាស់បរិក្ខារប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដោយឡែក ដូចជា៖ ឆ្នាំងចម្អិនប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ម៉ាស៊ីនបូមទឹកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ អំពូលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ អំពូលបំភ្លឺផ្លូវប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ។ល។ មិនតម្រូវឱ្យធ្វើស្វ័យប្រកាស ឬសុំការអនុញ្ញាតទេ!

ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា អាជ្ញាធរអគ្គិសនីកម្ពុជា មានកិត្តិយសសូមជម្រាបជូនឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាអ្នកប្រើប្រាស់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជាមេត្តាជ្រាបថា កន្លង មក អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញលិខិតលេខ ១៤៩.ផក.២៣.អអក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ជូន ដំណឹងដល់អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដោយពុំទាន់មានការអនុញ្ញាត ឱ្យធ្វើស្វ័យប្រកាសពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ របស់ខ្លួន ទៅកាន់អ្នកផ្គត់ផ្គង់អគ្គិសនី ឬអគ្គិសនីកម្ពុជា ឱ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ មកដល់ ពេលនេះ អាជ្ញាធរអគ្គិសនីកម្ពុជាសង្កេតឃើញថា នៅមានអ្នកប្រើប្រាស់អគ្គិសនីមួយចំនួនដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលដោយពុំមានការអនុញ្ញាត នៅពុំទាន់បានធ្វើស្វ័យប្រកាស អំពីការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន នៅឡើយ។

ជាថ្មីម្តងទៀត អាជ្ញាធរអគ្គិសនីកម្ពុជាសូមអំពាវនាវជាថ្មីម្តងទៀតដល់អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាត ឬពុំទាន់ បានចុះកិច្ចសន្យាប្រើប្រាស់ថ្លៃថាមពលពន្លឺព្រះអាទិត្យលើដំបូលជាមួយអ្នកផ្គត់ផ្គង់ សូមអញ្ជើញមកដាក់ ពាក្យស្វ័យប្រកាសពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន ដូចមានក្នុង QR កូដ ភ្ជាប់ជូន នៅទីស្នាក់ ការរបស់អគ្គិសនីកម្ពុជា ឬទីស្នាក់ការរបស់អ្នកផ្គត់ផ្គត់អគ្គិសនីឯកជន ដែលឋិតនៅក្នុងតំបន់ដែលខ្លួនកំពុង ប្រើប្រាស់អគ្គិសនី ឬទីស្នាក់ការរបស់អាជ្ញាធរអគ្គិសនីកម្ពុជាដោយផ្ទាល់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ សូមបញ្ជាក់ជូនថា អ្នកប្រើប្រាស់អគ្គិសនីដែលបានដំឡើង និង ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ពុំមានការអនុញ្ញាត ហើយបានធ្វើស្វ័យប្រកាសក្នុងរយៈ ពេលកំណត់ខាងលើ នឹងត្រូវចាត់ទុកថា ជាអ្នកប្រើប្រាស់មានការអនុញ្ញាត ដោយឡែក ចំពោះអ្នកប្រើប្រាស់អគ្គិសនីដែលបានដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ពុំមានការអនុញ្ញាត ហើយ ពុំបានធ្វើស្វ័យប្រកាសក្នុងរយៈពេលកំណត់ខាងលើ នឹងត្រូវចាត់ទុកថា ជាអ្នកប្រើប្រាស់មានពុំការអនុញ្ញាត ដែលនឹងត្រូវបង់ថ្លៃប៉ះប៉ូវខ្ពស់ជាងអ្នកប្រើប្រាស់មានការអនុញ្ញាត និង/ឬ ផ្អាកជាបណ្តោះអាសន្ននូវការផ្គត់ ផ្គង់អគ្គិសនីពីប្រភពបណ្តាញជាតិ។

អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាអ្នកប្រើប្រាស់អគ្គិសនី មេត្តាជ្រាប និងអនុវត្តតាមការណែនាំខាងលើ ដោយអនុគ្រោះ៕ដោយ៖តារា

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងលម្អិតរបស់អាជ្ញាធរអគ្គិសនីកម្ពុជា៖


ចែករំលែក៖