ក្លិបយក្សអាល្លឺម៉ង់ Bayern Munich បានចុះហត្ថលេខានាំយកខ្សែបម្រើស្លាប Michael Olise ពីក្លិប Crystal Palace ក្នុងតម្លៃប្រហែល៦០លានអឺរ៉ូ (៥០លានផោន)។ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំសញ្ជាតិបារាំងរូបនេះបានបង្ហាញខ្លួន៩០ដងក្នុងការប្រកួតទាំងអស់ក្នុងរយៈពេល៣រដូវកាលជាមួយ Crystal Palace ។
Olise ដែលបានចូលរួមជាមួយ Crystal Palace ពី Reading ក្នុងតម្លៃ8លានផោនក្នុងខែកក្កដា ឆ្នាំ២០២១ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំ។
Chelsea និង Newcastle United បានចុះឈ្មោះចាប់អារម្មណ៍ Olise កាលពីដើមរដូវក្តៅនេះ ប៉ុន្តែខ្សែបម្រើស្លាបរូបនេះបានជ្រើសរើសផ្លាស់ទៅប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលគាត់នឹងធ្វើការក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីរបស់ Bayern លោក Vincent Kompany ។
Olise បាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ដែលឥឡូវនេះបានលេងឱ្យក្លឹបធំបែបនេះ វាជាការប្រកួតប្រជែងដ៏អស្ចារ្យ ហើយនោះជាអ្វីដែលខ្ញុំកំពុងស្វែងរក។ ខ្ញុំចង់បង្ហាញខ្លួនឯងនៅកម្រិតនេះ ហើយចូលរួមចំណែករបស់ខ្ញុំក្នុងការធានាថាយើងឈ្នះពានឱ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងប៉ុន្មានឆ្នាំខាងមុខនេះ”។
Olise រកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួន១៩ប្រកួតនៅ Premier League ខណៈដែល Crystal Palace បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០ក្នុងតារាងកាលពីរដូវកាលមុន។ គាត់ត្រូវបានគេជ្រើសរើសក្នុងក្រុមជម្រើសជាតិបារាំងសម្រាប់ការប្រកួតកីឡាអូឡាំពិកដែលនឹងចាប់ផ្តើមនៅទីក្រុងប៉ារីសនៅចុងខែនេះ។
ប្រធានក្លិប Crystal Palace លោក Steve Parish បាននិយាយថា “យើងមានមោទនភាពយ៉ាងខ្លាំងចំពោះអ្វីដែល Michael សម្រេចបាននៅ Crystal Palace ដែលជាក្លិបមួយដែលគាត់បានអភិវឌ្ឍយ៉ាងខ្លាំងក្នុងនាមជាកីឡាករ។ យើងគោរពបំណងប្រាថ្នារបស់គាត់ក្នុងការសាកល្បងខ្លួនឯងបន្ថែមទៀតនៅកម្រិតខ្ពស់បំផុតនៃបាល់ទាត់ពិភពលោក” ។
Bayern Munich ក៏គ្រោងនឹងបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Joao Palhinha របស់ Fulham ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ៤២លានផោនបូកនឹងការបន្ថែម៤លានផោនទៀត ។ ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់វ័យ២៨ឆ្នាំរូបនេះជិតចូលរួមជាមួយ Bayern កាលពីរដូវក្តៅមុន ប៉ុន្តែកិច្ចព្រមព្រៀងបានដួលរលំនៅថ្ងៃផុតកំណត់។
ចំណែកខ្សែការពារសញ្ជាតិអង់គ្លេស Eric Dier ក៏បានចូលរួមជាមួយក្លិប Bundesliga មួយនេះជាអចិន្ត្រៃយ៍ផងដែរ បន្ទាប់ពីលេងឱ្យពួកគេក្នុងលក្ខខណ្ឌខ្ចីជើងពី Tottenham Hotspur ចាប់តាំងពីខែមករា។ ការកាន់តំណែងជើងឯកអាល្លឺម៉ង់រយៈពេល១១ឆ្នាំរបស់ Bayern ត្រូវបានបញ្ចប់ដោយក្រុម Bayer Leverkusen បានឈ្នះពាន Bundesliga កាលពីរដូវកាលមុន ៕
(រូបភាព ៖ BBC Sport)