ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកម្មកររោងចក្របុកគ្នាជាមួយរថយន្តមួយគ្រឿងទៀតបណ្តាលឱ្យរងរបួសធ្ងន់និងស្រាលជាច្រើននាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្មករ កម្មការិនីរោងចក្រជាច្រើននាក់បានរងរបួសធ្ងន់និងស្រាល ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលតាមមន្ទីរពេទ្យបង្អែក និងគ្លីនិកឯកជនភ្លាមៗ ខណៈដែលរថយន្តដឹកកម្មករបុកគ្នាចំពីមុខយ៉ាងពេញទំហឹងជាមួយរថយន្តមួយគ្រឿងទៀត ពេលបើកបរបញ្ច្រាសទិសគ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥៥នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-ទៅលេខ៤២ ស្ថិតនៅចំណុចភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

មន្ត្រីនគរបាលបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកកម្មករ រោងចក្រ០១គ្រឿងម៉ាកហុីយ៉ាន់ដាយ( Hyundai Mighty) ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខភ្នំពេញ 3E-1302 បើកបរដោយឈ្មោះ ពិន រុន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរដឹកកម្មកររោងចក្រ។

មន្ត្រីនគរបាលបានបន្តថា រថយន្តខាងលើបានបើកបរដឹកកម្មករតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង។ លុះពេលមកដល់ចំណុចកើតហេតុបានទៅបុកជាមួយរថយន្ត០១គ្រឿងម៉ាក SSONGYONG ACTYON ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ផ្លាកលេខ 2BH-8660  បើកបរដោយឈ្មោះ យឹម មុតថា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត (តាមការសាកសួរពីកម្មករគឺ រថយន្ត SSONG YONG ACTYON បើករេចុះឡើង រួចមកបុករថយន្តដឹកកម្មករតែម្តង) បណ្តាលឱ្យរងរបួសមនុស្សមួយចំនួនដូចខាងក្រោម ÷

– របួសមនុស្សធ្ងន់ចំនួន៦នាក់ កំពុងពិនិត្យនិងសង្គ្រោះបឋមនៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី ៤នាក់ និងទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ១នាក់ (តៃកុងឡានដឹកកម្មករ) សម្រាកព្យាបាលនៅពេទ្យផ្សារស្លាបលែង ១នាក់ (អ្នកបើកបរឡាន SSONGYONG ACTYON)។

– របួសស្រាលចំនួន២០នាក់ ត្រូវបានចេញទៅព្យាបាលនៅគ្លីនិកជិតៗកន្លែងកើតហតុ។ លុះ មកដល់ម៉ោង១១យប់នេះ បានចេញទៅផ្ទះជាបណ្តើរៗហើយ។

សូមបញ្ជាក់ផងដែរថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញមកសួរសុខទុក្ខអ្នកជម្ងឺដោយផ្ទាល់នៅ មន្ទីរពេទ្យបង្អែកស្រុកគងពិសី៕

ដោយ៖ សូរិយា


ចែករំលែក៖