ខេត្តស្វាយរៀង៖ លោក តេង សុខុមាល អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្ត នៅរសៀលថ្ងៃទី៩ខែកក្កដាឆ្នាំ២០២៤ បានអញ្ជេីញចូលរួមក្នុង កិច្ចពិភាក្សាលេីការដោះស្រាយបញ្ហាអគ្គិសនីនៅស្រុករមាសហែក នាសាលប្រជុំសាលាស្រុករមាសហែក។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីគណៈប្រតិភូអាជ្ញាធរអគ្គិសនីកម្ពុជា លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត អភិបាលរងស្រុក លោកតំណាងប្រធានអគ្គិសនីខេត្ត លោក សេង រិទ្ធ តំណាងក្រុមហ៊ុនខ្មែរ យូធីឡីធី លោក យា ណាវិន ប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្តិភាពសាធារណៈសាលាខេត្តព្រមទាំងបងប្អូនអាជីវករ១១៧នាក់។
ក្នុងឱកាសនោះ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងអភិបាលខេត្ត បានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះលោក តេង សុខុមាល អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងគណៈប្រតិភូអាជ្ញាធរអគ្គិសនីកម្ពុជាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចុះដោះស្រាយបញ្ហាអគ្គិសនី។
លោកបានមានប្រសាសន៍យ៉ាងច្បាស់អំពីការណែនាំស្តីពីការធ្វេីសេវាកម្មអគ្គិសនីរបស់ក្រុមហ៊ុនដូចខាងក្រោម៖
១-ក្រុមហ៊ុនត្រូវណែនាំបុគ្គលិកឱ្យប្រើពាក្យសមរម្យ និងផ្តល់សេវាអគ្គិសនីឱ្យកាន់តែប្រសើរ និងទាន់ពេលវេលាដល់អ្នកប្រើប្រាស់។
២-ក្រុមហ៊ុនត្រូវកត់ត្រាលេខអំណាននាឡិកាស្ទង់ឱ្យបានត្រឹមត្រូវតាមពេលវេលាកំណត់ ហើយត្រូវពិនិត្យឱ្យបានត្រឹមត្រូវមុននឹងចេញវិក្កយបត្រ។
៣-ក្រុមហ៊ុនត្រូវកែតម្រូវវិក្កយបត្រដើម្បីឱ្យមានប្រវត្តិនៃការប្រើប្រាស់សម្រាប់រយៈពេល 12 ខែកន្លងមកក្នុងលំដាប់នៃខែឱ្យបានត្រឹមត្រូវ។
៤- ក្រុមហ៊ុនត្រូវជូនដំណឹងជាមុនដល់អាជ្ញាធរមូលដ្ឋាន ឃុំ ភូមិ និងអ្នកប្រើប្រាស់ ក្នុងករណីមានគម្រោងផ្អាកការផ្គត់ផ្គង់បណ្តោះអាសន្នមានរយៈពេលយូរ។
៥- ក្រុមហ៊ុនត្រូវកំណត់ និងកែសម្រួលប្រភេទអ្នកប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។
លោក តេង សុខុមាល អនុប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាមានប្រសាសន៍ថាដេីម្បីដោះស្រាយបញ្ហាទាំងអស់របស់បងប្អូន សេវាករត្រូវធ្វេីការងារជាមួយរដ្ឋបាលស្រុក ចុះពិនិត្យឱ្យបានល្អិតល្អន់ជូនប្រជាពលរដ្ឋដេីម្បីកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយ។
លោកបានបន្ថែមថា មុនពេលបងប្អូនដោះដូរកុងទ័រភ្លេីង បងប្អូនត្រូវធ្វេីការផ្ទៀងផ្ទាត់(តេស្ត)ឱ្យបានហ្មត់ចត់ រវាងកុងទ័រចាស់ នឹងកុងទ័រថ្មីដេីម្បីទទួលបានភាពប្រាកដប្រជាក្នុងការប្រេីប្រាស់ភ្លេីង៕
ដោយ៖ សុថាន