ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការ ៖ យានយន្តអគ្គិសនីជិត៣ពាន់គ្រឿងចុះបញ្ជី នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹង នៅថ្ងៃអង្គារទី៩ ខែកក្កដា ឆ្នាំ២០២៤ នេះថា គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤នេះ យានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការ មានចំនួនសរុប ២ ៩៦៨គ្រឿង ដោយក្នុងនោះ រួមមាន ទោចក្រយានយន្តចំនួន ៩១៤គ្រឿង ត្រីចក្រយានយន្ត ចំនួន៤៤០គ្រឿង និង រថយន្តចំនួន ១ ៦១៤គ្រឿង។

យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨ គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត។

ក្រសួងសាធារណការ និងដឹកជញ្ជូនបន្តថា ៖ ការចុះបញ្ជីយានយន្តអគ្គិសនីមានការកើតឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុងដែលជានិន្នាការចាស់។

ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប ហើយលើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។

ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ នេះបើតាមក្រសួងបញ្ជាក់ដដែល។ 

សូមរំលឹកថា ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD របស់ចិន បានបើករោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ ដែលជារោងចក្រដំបូងគេរបស់ក្រុមហ៊ុនយក្សរបស់ចិនមួយនេះ នៅអាស៊ីអាគ្នេយ៍ ដែលជាទីផ្សាររថយន្តអគ្គិសនីកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters សប្តាហ៍កន្លងទៅ។ 

នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu បាននិយាយនៅក្នុងពិធីបើកសម្ពោធរោងចក្រនាថ្ងៃទី ៤ខែកក្កដា កន្លងទៅនេះថា ប្រទេសថៃ មានចក្ខុវិស័យរថយន្តអគ្គិសនី (EV) ច្បាស់លាស់ និងកំពុងឈានចូលយុគសម័យថ្មីនៃការផលិតរថយន្ត។ យើងនឹងនាំយកបច្ចេកវិទ្យាពីប្រទេសចិនមកកាន់ប្រទេសថៃ។ 

រោងចក្រ BYD គឺជាផ្នែកមួយនៃការវិនិយោគដែលមានតម្លៃជាង ១,៤៤ពាន់លានដុល្លារពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ដែលកំពុងបង្កើតរោងចក្រនៅក្នុងប្រទេសថៃ ក្រោមការជួយឧបត្ថម្ភធនរបស់រដ្ឋាភិបាល និងការលើកទឹកចិត្តផ្នែកពន្ធ។ 

យោងតាមក្រុមហ៊ុន BYD ធ្លាប់បានប្រកាសកាលពីកន្លងទៅថា រោងចក្រនេះ មានតម្លៃ ៤៩០លានដុល្លារ និងមានសមត្ថភាពផលិតរថយន្តអគ្គិសនីចំនួន ១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ រួមទាំងរថយន្ត Plug-in Hybrid ផងដែរ។ រោងចក្រនេះស្ថិតនៅខេត្តរ៉ាយ៉ង ភាគខាងកើតប្រទេសថៃ នឹងផ្តល់ការងារដល់កម្មករប្រហែល ១ម៉ឺននាក់។ 

ប្រទេសថៃ គឺជាមជ្ឈមណ្ឌលដំឡើង និងនាំចេញរថយន្តក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានគ្រប់គ្រងជាយូរមកហើយដោយក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន ដូចជា Toyota Motor, Honda Motor និង Isuzu Motors។

ដោយឡែកនៅកម្ពុជា គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤នេះ យានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការ មានចំនួនសរុប ២ ៩៦៨គ្រឿង ដោយក្នុងនោះ រួមមាន ទោចក្រយានយន្តចំនួន ៩១៤គ្រឿង ត្រីចក្រយានយន្ត ចំនួន៤៤០គ្រឿង និង រថយន្តចំនួន ១ ៦១៤គ្រឿង៕ 

ដោយ ៖ សិលា


ចែករំលែក៖