ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា បានចេញផ្សាយថា ពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី Xi Jinping នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។
នេះបើតាមខ្លឹមសារនៃ កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី Xi Jinping ដែលត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃអង្គារនេះ។
ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា ៖ ពិធីនេះនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមហ៊ុនសំណង់សៀងហៃ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។
សូមជម្រាបជូនថា ៖ ទំនាក់ទំនងដែកថែបរវាងប្រទេសទាំងពីរ ត្រូវបានបុកគ្រឹះ និងកសាងឡើងដោយ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗរបស់ចិន ហើយបន្តអភិវឌ្ឍឲ្យកាន់តែស៊ីជម្រៅ និងរីកចម្រើនរីកស្គុះស្គាយដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយនឹងថ្នាក់ដឹកនាំចិន ក្រោយៗមកទៀត។ ជាសក្ខីភាពមិនអាចប្រកែកបាន, ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន បានបន្តមានចលនាល្អប្រសើរ និងរឹងមាំ រហូតដល់ក្លាយទៅជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ នៅឆ្នាំ២០១០ ។ បន្ថែមលើនេះ, ប្រទេសយើងទាំងពីរបានឈានទៅបង្កើត «ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីខ្សែក្រវាត់និងផ្លូវ»នៅឆ្នាំ២០១៧ ដើម្បីជំរុញការតភ្ជាប់ហេដ្ឋារចនា-សម្ព័ន្ធ-សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជាពិសេស ការតភ្ជាប់ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ, និងបានចាប់ផ្តើមការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន នៅឆ្នាំ២០១៩ ។ លើសពីនេះទៀត, កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា និងចិន ត្រូវបានបន្តពង្រីក ដើម្បីចាប់យក កាលានុវត្ដភាពអភិវឌ្ឍន៍ឱ្យអស់សក្តានុពល និងឱ្យកាន់តែធំធេង ដោយបានបង្កើតនូវ «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» កាលពី ខែកុម្ភៈ ឆ្នាំ២០២៣ ផ្ដោតលើវិស័យចំនួន ៦ រួមមាន៖
(១)-កិច្ចសហប្រតិបត្តិការនយោបាយ។
(២)-គុណភាព និងសមត្ថភាពផលិតកម្ម, (៣)-កសិកម្ម។
(៤)- ថាមពល។
(៥)-សន្ដិសុខ ។
និង (៦)-ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ព្រមទាំង បានឯកភាពគ្នាបង្កើតច្រករបៀងសេដ្ឋកិច្ចថ្មីចំនួន ២ គឺ «ច្រករបៀងមច្ឆា និងអង្ករ» និង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា»៕
ដោយ ៖ សុខ ខេមរា