ខេត្តព្រះវិហារ ៖ ក្មេងទំនើងពីរក្រុម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននៅក្នុងខេត្តព្រះវិហារ ត្រូវបានបញ្ជួន ទៅតុលាការវេលារសៀលថ្ងៃទី៩ កក្កដា។ មន្ត្រីនគរបាលនៃស្នងការនគរបាលខេត្តបានថ្លែងថា ក្មេងទំនើងទាំង២ ក្រុមដែលមានគ្នីគ្នា ៨នាក់ គឺជាក្រុមដែលប្រើប្រាស់ដាវ កាំបិតផ្គាក់,កាំបិតប៉័ងតោ ដំបង និងចំពាមកៅស៊ូ បង្កការអុកឡុកក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា នៅថ្ងៃទី៧ ខែកក្កដា វេលាម៉ោង៨និង៣០នាទី ក្រុមនេះត្រូវបានឃាត់ខ្លួននៅភូមិចារ្យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាងដែលរួមមាន ៖ ម៉ូតូ២គ្រឿង,ដាវ០១,កាំបិតផ្គាក់០២, កាំបិតប៉័ងតោ ០១, ដំបងឈើជ្រុង ០២កំណាត់, ចំពាម កៅស៊ូ ០២ និងទូរស័ព្ទ០៣គ្រឿង ។ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបញ្ជូនក្មេងទំនើងជើងខ្លាំងពីរក្រុមប្រចាំតំបន់មានគ្នា ៨នាក់ ទៅតុលាការខេត្តព្រះវិហារ នោះហើយ ។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត ព្រះវិហារ លោកវរសេនីយ៍ឯក គង់ គា បានប្រាប់ឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងទាំង២ក្រុមមានគ្នា ៨នាក់នោះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត បាន សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានចុះស៊ើបអង្កេតស្រាវជ្រាវទៅ លើក្មេងទំនើង ២ក្រុម ដែលតែងធ្វើសកម្មភាព បង្កជម្លោះដោយប្រើ ប្រាស់ដាវ កាំបិតផ្គាក់ កាំ បិតប៉័ងតោ ដំបង និងចំពាម កៅស៊ូដេញបាញ់ និងដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ នៅក្នុងមូលដ្ឋាន នៃស្រុកជាំក្សាន្តនោះ។
លោកវរសេនីយ៍ឯក គង់ គា បានបន្តថា ក្រោយទទួលបានដំណឹងនេះភ្លាម ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានដាច់ចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុត ហើយតម្រូវឱ្យកម្លាំងនគរបាលជំនាញខេត្ត និងស្រុកជាំក្សាន្ត ត្រូវតែសហការរួមគ្នា ចុះបង្ក្រាបក្រុមក្មេងទំនើងទាំង ២ក្រុមនេះ ឱ្យខាងតែបាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយការជឿទុកចិត្ត និងក៏ជាការ អនុវត្ត នូវគោលនយោបាយភូមិ ឃុំ-សង្កាត់ សុវត្ថិភាពរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
លោកវរសេនីយ៍ឯក គង់ គា បានបន្តទៀតថា ក្រោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត នោះរួចមក កម្លាំងសមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវ ស៊ើបអង្កេតដល់មូលដ្ឋាន ដោយកំណត់បានមុខសញ្ញា និងបានឈានទៅធ្វើការឃាត់ខ្លួនមុខ សញ្ញាក្មេងទំនើង ២ក្រុម មានគ្នា ៨នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត។
លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ថា ក្រោយពីសាកសួរ ក្រុមក្មេងទាំងនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាន់កាំបិតផ្គាក់ ប៉័ងតោ ដាវ ចំពាមនិងដំបង បង្កជម្លោះជាមួយគ្នាពិតប្រាកដមែន។
បន្ទាប់មកសមត្ថកិច្ចបាននាំខ្លួនក្រុមក្មេងទាំង០៨នាក់ ទៅដកហូតសម្ភារៈវត្ថុតាងរួមមាន៖ ម៉ូតូ ២គ្រឿង, ដាវ ០១, កាំបិតផ្គាក់ ០២, កាំបិតប៉័ងតោ ០១, ដំបងឈើជ្រុង ០២កំណាត់, ចំពាមកៅស៊ូ ០២ និងទូរស័ព្ទ ០៣ គ្រឿង ដើម្បីបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ព្រះវិហារ។
លោកវរសេនីយ៍ឯក គង់ គា បញ្ជាក់ទៀតថា ក្រោយបញ្ចប់នីតិវិធីសាកសួររួចកម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ៨នាក់ ទៅ កាន់សាលាដំបូងខេត្តព្រះវិហារ នាម៉ោងជាង ២រសៀល ថ្ងៃទី៩ កក្កដា ២០២៤ ដើម្បីចាត់ការទៅតាមនីតិវិធី៕
ដោយ៖ សូរិយា